បទសម្ភាសន៍ស្តីអំពីកម្មវិធីទូរស័ព្ទចំណតក្បែរខ្ញុំ

ចំណតក្បែរខ្ញុំ គឺជាកម្មវិធីទូរស័ព្ទដៃមួយដែលត្រូវបានបង្កើតឡើងដើម្បីជួយដល់ប្រជាជនកម្ពុជាក្នុងការប្រើប្រាស់សេវារថយន្តក្រុងសាធារណៈក្នុងរាជធានីភ្នំពេញអោយមានភាពងាយស្រួលបន្ថែមទៀត។ កម្មវិធីនេះបានភ្ជាប់មកជាមួយនូវលក្ខណៈពិសេសជាច្រើន វាអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកចំណតរថយន្ដក្រុងទាំងអស់ដែលនៅក្បែរទីតាំងរបស់អ្នក ផ្តល់ដំណឹងដល់ពួកគេនៅពេលដែលពួកគេទៅដល់មុនគោលដៅចំនួន 200 ម៉ែត្រ។កម្មវិធីនេះភ្ជាប់មកជានួវភាសាចំនួនពីរគឺ ភាសាខ្មែរ និងអង់គ្លេស និងបានបង្ហាញនូវផែនទីខ្សែរថយន្តក្រុងដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចធ្វើគម្រោងធ្វើដំណើរបាន។

កម្មវិធីនេះត្រូវបានបង្កើតឡើងដោយកញ្ញា ប្លុង ម៉ាលីពណ៌ ហើយគំនិតនៃការបង្កើតកម្មវិធីចំណតក្បែរខ្ញុំនេះ បានកើតឡើងនៅពេលដែលកញ្ញានិងមិត្តភក្តិម្នាក់បានជួបប្រទះបញ្ហាខណៈពេលដែលកំពុងតែស្វែងរករថយន្តក្រុងនិងចំណតរថយន្ដក្រុង។ បញ្ហានេះបានធ្វើអោយកញ្ញារឹតតែចង់បង្កើតកម្មវិធីទូរស័ព្ទដៃមួយស្តីអំពីរថយន្តក្រុងនៅរាជធានីភ្នំពេញនៅពេលដែលកញ្ញាបានដឹងអំពីការលំបាករបស់អ្នកជិះរថយន្តក្រុងនៅរាជធានីភ្នំពេញនាលើកដំបូង។

កញ្ញា ប្លុង ម៉ាលីពណ៌  ស្ថាបនិកកម្មវិធីទូរស័ព្ទដៃចំណតក្បែរខ្ញុំ

កញ្ញា ប្លុង ម៉ាលីពណ៌ ស្ថាបនិកកម្មវិធីទូរស័ព្ទដៃចំណតក្បែរខ្ញុំ

កញ្ញា ប្លុង ម៉ាលីពណ៌ ជាអ្នកគ្រប់គ្រងគម្រោងមួយរូបនៅក្នុងក្រុមហ៊ុន CCPL Global Ltd និងជាសាស្ត្រាចារ្យនៅមហាវិទ្យាល័យវិស្វកម្ម របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផងដែរ។

កិច្ចសំភាសន៍នេះត្រូវបានកែសម្រួលសម្រាប់ភាពច្បាស់លាស់។

តើអ្វីជាគំនិតនៅពីក្រោយកម្មវិធីចំណតក្បែរខ្ញុំនេះ?

គំនិតនៃការបង្កើតកម្មវិធីនេះឡើងគឺដើម្បីបង្កើនភាពងាយស្រួលសម្រាប់ប្រជាពលរដ្ឋរបស់យើងក្នុងការប្រើប្រាស់រថយន្តក្រុងសាធារណៈ។ កម្មវិធីនេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយបញ្ហាចម្បងជាសំខាន់ចំនួនបីគឺ: ពិបាកស្វែងរកចំណតរថយន្ដក្រុងដែលនៅក្បែរ មានការលំបាកក្នុងការដឹងពីពេលដែលត្រូវចុះពីរថយន្តក្រុងអោយបានត្រឹមត្រូវ និង មិនដឹងពីពត៌មានខ្សែរថយន្តក្រុងនិងតំបន់ដែលរថយន្តឆ្លងកាត់។

កម្មវិធីចំណតក្បែរខ្ញុំ នាំអ្នកប្រើប្រាស់អោយទៅដល់ចំណតរថយន្ដក្រុងដែលនៅក្បែរពួកគេបំផុត

តើកញ្ញាមានក្រុមការងារដើម្បីជួយកញ្ញាក្នុងការអភិវឌ្ឍន៍កម្មវិធីនេះដែរឬទេ, ឬក៏កញ្ញាអភិវឌ្ឍន៍កម្មវិធីនេះដោយខ្លូនកញ្ញាផ្ទាល់?

ខ្ញុំបានបង្កើតកម្មវិធីនេះដោយខ្លួនខ្ញុំផ្ទាល់ដោយមានដំបូន្មានពីមិត្តភក្តិម្នាក់។

តើអ្វីជាទស្សនៈវិស័យរបស់កញ្ញាសម្រាប់កម្មវិធីចំណតក្បែរខ្ញុំនេះ?

ខ្ញុំចង់អោយកម្មវិធី ចំណតក្បែរខ្ញុំ នេះក្លាយទៅជាកម្មវិធីដែលមានមុខងារលើសពីកម្មវិធីមួយទៅទៀត ដើម្បីអោយកម្មវិធីនេះក្លាយជាកម្មវធីដែលជាប់ចំណាប់ថ្នាក់លេខមួយខាងផ្នែកដំណោះស្រាយបច្ចេកវិទ្យា សម្រាប់រាល់ការធ្វើដំណើរទាំងអស់នៅក្នុងប្រទេសកម្ពុជា។

បច្ចុប្បន្ននេះខ្ញុំកំពុងតែបង្កើតក្រុមមួយ ហើយយើងតែងតែផ្តោតជាសំខាន់លើគំនិតច្នៃប្រឌិតថ្មីជានិច្ចដែលធ្វើឱ្យផលិតផលនេះមានគុណភាពល្អ និងផ្តល់ការរួមចំណែកយ៉ាងសំខាន់ដល់ប្រទេសកម្ពុជា។

តើកញ្ញាបានជួបប្រទះបញ្ហាប្រឈមអ្វីខ្លះនៅពេលដែលកញ្ញាបានបង្កើតកម្មវិធីនេះជាលើកដំបូង?

ខ្ញុំមិនបានឃើញមានបញ្ហាប្រឈមអ្វីមួយឡើយ ប៉ុន្តែប្រសិនបើខ្ញុំត្រូវបានគេសួរអោយជ្រើសយកមួយនោះ គឺការប្រមូលទិន្នន័យ។

តើកញ្ញាប្រមូលទិន្នន័យអំពីចំណតរថយន្តក្រុងសាធារណៈនៅរាជធានីភ្នំពេញបានយ៉ាងដូចម្តេចដែរ?

ខ្ញុំបានធ្វើដោយវិធីដ៏សាមញ្ញបំផុតនិងពិបាកបន្តិចដែរ ដោយប្រើប្រាស់កម្មវិធីមួយដែលអនុញ្ញាតឱ្យខ្ញុំអាចដៅទីតាំងរបស់ចំណតរថយន្ដក្រុងនិងតាមដានផ្លូវខណៈពេលដែលកំពុងជិះម៉ូតូពីចំណតមួយទៅកាន់ចំណតមួយទៀត។ ខ្ញុំបានធ្វើវាខ្លួនខ្ញុំផ្ទាល់រួមជាមួយនឹងមិត្តភក្តិម្នាក់ដើម្បីធ្វើឱ្យប្រាកដថា រាល់ទិន្នន័យដែលខ្ញុំបានប្រមូលគឺមានភាពត្រឹមត្រូវ។ វាបានធ្វើអោយខ្ញុំចំណាយពេលពីរថ្ងៃដើម្បីប្រមូលបានទិន្នន័យទាំងអស់។

តើអ្វីទៅជាផលប៉ះពាល់វិជ្ជមាននៃកម្មវិធីចំណតក្បែរខ្ញុំនេះមកលើសង្គមកម្ពុជា?

ខ្ញុំជឿជាក់ថា កម្មវិធីនេះនឹងលើកទឹកចិត្តមនុស្សកាន់តែច្រើនដើម្បីប្រើប្រាស់រថយន្ដក្រុងសាធារណៈ។ កាលពីពេលថ្មីៗនេះ មានដំណឹងមួយថានឹងមានរថយន្តក្រុងចំនួន 180 គ្រឿងទៀតនឹងត្រូវចូលមកកាន់ប្រទេសកម្ពុជា ដូច្នេះខ្ញុំជឿជាក់ថា កម្មវិធីចំណតក្បែរខ្ញុំនេះនឹងត្រូវបានគេត្រូវការកាន់តែច្រើនបន្ថែមទៀតនិងមានមនុស្សកាន់តែច្រើននឹងជ្រើសរើសយកសេវាដឹកជញ្ជូនសាធារណៈជាជាងមធ្យោបាយដឹកជញ្ជូនឯកជនរបស់ពួកគេ។

តើអ្វីជាផែនការនាពេលអនាគតរបស់កញ្ញាសម្រាប់កម្មវិធីចំណតក្បែរខ្ញុំនេះ?

បច្ចុប្បន្ននេះ ខ្ញុំកំពុងតែធ្វើការទៅលើការបំពាក់ឧបករណ៍ GPS នៅគ្រប់រថយន្តក្រុងទាំងអស់។ គំរោងនេះគឺដើម្បីតាមដានកន្លែងដែលរថយន្ដក្រុងនេះស្ថិតនៅដើម្បីផ្តល់នូវការប៉ាន់ស្មាននៃការមកដល់នៃរថយន្ដក្រុងចំពោះអ្នកប្រើប្រាស់់ដែលកំពុងរង់ចាំរថយន្ដក្រុងនៅឯចំណតរថយន្តក្រុង ក៏ដូចជាអ្នកទាំងឡាយណាដែលមានគម្រោងបន្តទៅមុខមុនពេលចាកចេញពីរថយន្ដក្រុងផងដែរ។

បច្ចុប្បន្ននេះ កម្មវិធីចំណតក្បែរខ្ញុំ បានផ្តល់ដំណឹងដល់អ្នកធ្វើដំណើរនៅពេលជិតដល់ចំណតរថយន្តក្រុង របស់ពួកគេ

ក្នុងនាមជាស្ត្រីម្នាក់នៅក្នុងចំណោមស្ត្រីមួយចំនួនតូចនៅក្នុងវិស័យបច្ចេកវិទ្យា តើកញ្ញាមានពាក្យអ្វីដើម្បី បំផុសគំនិតដល់ស្ត្រីដទៃទៀតនៅក្នុងវិស័យបច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជាដែរឬទេ?

ខ្ញុំជឿជាក់ថា ការងារល្អមិនមែនមកពីអ្នកនោះជាស្ត្រីឬជាបុរសនោះទេ ប៉ុន្តែបានមកពីការប្តេជ្ញាចិត្ត និងការមានទំនុកចិត្តលើខ្លួនឯង។ ការងារដ៏អស្ចារ្យមិនចាំបាច់តំរូវអោយមានកិច្ចការដ៏ល្អឥតខ្ចោះនោះទេ ដូច្នេះចំពោះស្ត្រីកម្ពុជាគ្រប់រូប សូមកុំខ្មាស់អៀនអី តែត្រូវហ៊ានធ្វើនូវអ្វីដែលខ្លួនស្រឡាញ់និងចង់ធ្វើ។

កម្មវិធីនេះអាចប្រើប្រាស់បានទាំងប្រព័ន្ធប្រតិបត្តិការ Android និង iOS ។ ចំពោះពត៌មានបន្ថែមកម្មវិធីអំពីចំណតក្បែរខ្ញុំ សូមទស្សនាវីដេអូនៅខាងក្រោមនេះ។

អ្នកអាចស្វែងយល់បន្ថែមអំពីកម្មវិធីនេះនៅលើគេហទំព័រ http://appsawesome.com​ ឬចូលទស្សនាទំព័រហ្វេសប៊ុកចំណតក្បែរខ្ញុំ នៅទីនេះ