ការប្រើប្រាស់បច្ចេកវិទ្យានៅលើលំហអាកាសដើម្បីជួយដោះស្រាយបញ្ហាអាកាសធាតុនៅក្នុងប្រទេសកម្ពុជានិងនៅតាមតំបន់ទន្លេមេគង្គ

ឥលូវនេះប​ច្ចេ​ក​វិទ្យា​ដែល​បាន​ជួយ​តំបន់​រង​គ្រោះ​មហន្តរាយ​នៅប្រទេស​នេប៉ាល់​និ​ងទឹក​ជំនន់ប្រទេស​​បង់​ក្លា​ដែ​ស​ត្រូវ​បាន​ពង្រីក​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​កាន់​តំបន់ទន្លេមេគង្គនៅអាស៊ីហើយ​ ​ដើម្បី​ការពារ​ប្រទេស​ដែល​សម្បូរទៅដោយប្រព័ន្ធ​អេកូឡូស៊ីដែល​រង​ផល​ប៉ះពាល់​ដោយ​ទន្លេមានដូចជាប្រទេស​ កម្ពុជា​ ថៃ​ និង ភូមា​។ វា​ត្រូវ​បាន​គេ​រំពឹង​ថា​នឹងទទួល​បាននូវលទ្ធផលល្អ​ប្រសើរនិងអាច​ទប់ទល់​​គ្រោះ​ទឹក​ជំនន់​និង​គ្រោះ​ធម្មជាតិ​ផ្សេងៗ​ហើយនិងអាចទប់ទល់ទៅ​នឹង​ផល​ប៉ះពាល់​អវិជ្ជមាននៃ​ការប្រែប្រួល​អាកាសធាតុផ្សេងៗ​។

កាល​ពី​ថ្ងៃទី 31 ខែសីហា ឆ្នាំ 2015 កន្លងទៅនេះ ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ (USAID​) និង​ ទីភ្នាក់ងារអាកាសចរណ៍ជាតិនិងរដ្ឋបាល​អវកាស​អាមេរិក​ (NASA​) បាន​បើក​ដំណើរ​ការ​គម្រោងប្រចាំតំបន់​ជា​ផ្លូវការ​មួយដែលមានរយៈពេល​ប្រាំ​ឆ្នាំ (2014-2019​) ​​ដែល​មាន​ឈ្មោះ​ថា ​SERVIR​-​Mekong​ ក្នុងភាពជាដៃគូរ​ជាមួយនិងមជ្ឈមណ្ឌល​ទប់ស្កាត់​គ្រោះ​មហន្ត​រាយ​ប្រចាំតំបន់​អាស៊ី (ADPC​) ។

គម្រោង SERVIR​-​Mekong មាន​គោលបំណង​ដើម្បី​នាំ​យក “បច្ចេកវិទ្យានៅលើលំហអាកាសទៅកាន់ភូមិ” ដោយ​ផ្តល់នូវទិន្នន័យ​ទំហំ​ភូមិសាស្ត្រ​និងទិន្នន័យ​ដែល​អាច​រក​បាន​ជា​សាធារណៈ​ទៅកាន់រដ្ឋាភិបាល​និងស្ថាប័ន​នានា​នៅ​ក្នុង​តំបន់ដើម្បីរួមគ្នា​រកដំណោះ​ស្រាយដែល​អាច​​ជួយ​សហគមន៍​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គបាន​។ ក្រៅ​ពី​ការ​ផ្តល់​នូវ​ការ​ត្រួតពិនិត្យផ្សេងៗ ​គម្រោង SERVIR ក៏នឹង​ត្រូវ​បាន​ផ្តោ​ត​ជា​សំខាន់ទៅ​លើ​បញ្ជី​នៃ​បញ្ហាដ៏​មាន​សារៈសំខាន់នៅក្នុងតំបន់នោះដូច​ជា ​ការ​កាត់​បន្ថយ​ហានិភ័យ​គ្រោះ​មហន្ត​រាយ​និង​ការ​ឆ្លើយតប​ ការ​ការពារ​ស្បៀង​អាហារ​និង​ធនធាន​ទឹក និងសុវត្ថិភាពនៃ​ការ​អភិវឌ្ឍ​ន៍ប្រកបដោយ​ចីរភាព​នៅក្នុងអាង​ទន្លេ​មេគង្គ​ទាំង​មូល​​។ អ្នក​សម្រេច​ចិត្ត​អាច​សម្រេច​បាន​នូវ​កិច្ចការ​នេះ​ដោយ​ប្រើ​ប្រាស់វិស័យ​បច្ចេកវិទ្យានិង​វិទ្យា​សា​ស្រ្តអោយបានល្អ​បំផុត​​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ខណៈ​ពេល​ដែល​គេកំពុងតែ​កាត់​បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​ផ្ទះ​កញ្ចក់​។

គម្រោង SERVIR Mekong ​ក៏បាន​លើក​ទឹក​ចិត្ដ​អោយ​មាន​កំណើន​នៃ​វេទិកា​និង​ព្រឹត្តិការណ៍​ក្នុងតំបន់ដោយមានមូលដ្ឋានលើ​ពត៌មាននៃទំហំ​ភូមិសាស្ត្រ​ដើម្បីបង្កើនកិច្ចសហការ​និង​ការចែករំលែក​ចំណេះដឹង​ពីអ្នកប​ច្ចេ​ក​ទេសផងដែរ។ សូម​ចុច នៅ​ទីនេះ ដើម្បី​ស្វែងយល់​បន្ថែម​អំពី​គម្រោង SERVIR-Mekong និង​អំពីរបៀប​ដែល​គំរោងនេះ​នឹង​ជួយ​អោយមានការ​អភិវឌ្ឍន៍​នៅ​តាម​បណ្តោយ​ដង​ទន្លេ​មេគង្គ​​។