ក្រុមហ៊ុន Smart Axiata ផ្តល់មូលនិធិចំនួន 5 លានដុល្លារលើការច្នៃប្រឌិតឌីជីថលដើម្បីលើកកម្ពស់ដល់ប្រព័ន្ធអេកូឌីជីថលនៅកម្ពុជា

កាលពីថ្ងៃអង្គារ ទី 28 ខែមីនា កន្លងទៅនេះ ក្រុមហ៊ុន Smart បានបើកសម្ពោធគំនិតផ្តួចផ្តើមថ្មីរបស់ខ្លួនជាផ្លូវការក្នុងការជួយជំរុញប្រព័ន្ធអេកូឌីជីថលរបស់ប្រទេសកម្ពុជា។

ដោយត្រូវបានគេស្គាល់ថាជា “មូលនិធិច្នៃប្រឌិតឌីជីថលរបស់ក្រុមហ៊ុន Smart Axiata” គំនិតផ្តួចផ្តើមថ្មីនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនទូរគមនាគមន៍ដ៏ឈានមុខគេរបស់ប្រទេសកម្ពុជានោះគឺមូលនិធិបណ្តាក់ទុនចំនួន 5 លានដុល្លារ សម្រាប់ក្រុមហ៊ុនផ្តល់សេវាឌីជីថលនិងអាជីវកម្មថ្មីដែលមានមូលដ្ឋាននៅកម្ពុជា។

មូលនិធិនេះត្រូវបានដាក់ចេញក្នុងភាពជាដៃគូជាមួយនិង Mekong Strategic Partners (MSP) ដែលជាក្រុមហ៊ុនវិនិយោគនិងប្រឹក្សាយោបល់មួយដែលមានគោលបំណងដើម្បីដោះស្រាយបញ្ហាទូទៅនៃការខ្វះខាតមូលនិធិនិងជំនាញសម្រាប់សហគ្រិននៅកម្ពុជា។

ដូច្នេះមូលនិធិនេះបានស្វះស្វែងរកការវិនិយោគនៅក្នុងគំនិតនិងអាជីវកម្មនៅក្នុងប្រព័ន្ធអេកូឌីជីថលដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថលអោយកាន់តែរឹងមាំដែលនឹងជួយអោយប្រទេសកម្ពុជាមានការរីកចម្រើន ។

សុន្ទរកថាបើកកម្មវិធីដោយលោក Thomas Hundt នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata

ប្រភពរូបថត: ក្រុមហ៊ុន Smart

លោក Thomas Hundt ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Smart បានថ្លែងថា “ថ្ងៃនេះជាថ្ងៃបើកជំពូកថ្មីមួយនៅក្នុងដំណើរឌីជីថលរបស់ប្រទេសកម្ពុជា គឺអំពីចំណាប់ផ្តើមមួយដូចដែលយើងបានចូលរួមមូលនិធិដើម្បីពង្រីកកំណើនឌីជីថល។ យើងកំពុងស្វះស្វែងរកក្រុមហ៊ុនឬសហគ្រិននៅក្នុងវិស័យបច្ចេកវិទ្យា ឬនៅក្នុងវិស័យពាក់ព័ន្ធផ្សេងៗដូចជា បច្ចេកវិទ្យាហិរញ្ញវត្ថុ ពាណិជ្ជកម្មឌីជីថល, ការកំសាន្ត, ប្រព័ន្ធផ្សព្វផ្សាយសង្គម, ការផ្សព្វផ្សាយពាណិជ្ជកម្ម, ការអប់រំ និងការថែទាំសុខភាព”។

ក្រុម Startup ក៏នឹងត្រូវបានវាយតម្លៃដោយផ្អែកលើការរួមបញ្ចូលគ្នានៃកត្តាផ្សេងៗគ្នាផងដែរដូចជា: គុណ​សម្បត្តិនិងលទ្ធភាពនៃគំរូអាជីវកម្ម ភាពទាក់ទាញនៃទីផ្សារ លក្ខណៈបច្ចេកទេស, ការតស៊ូ, ភាពវៃឆ្លាត, ការដោះស្រាយបញ្ហា, ចំណង់ចំណូលចិត្ត និងការជំរុញឱ្យមានភាពជោគជ័យ។

ការវិនិយោគជាលក្ខណៈបុគ្គលពីមូលនិធិនេះនឹងមានចន្លោះពី 25.000 ទៅ 500.000 ដុល្លារ អាស្រ័យលើដំណាក់កាល និង តម្រូវការថវិកានៃអាជីវកម្មនីមួយៗ។ នេះគឺជាមូលនិធិដំបូងគេក្នុងការផ្តល់ជូននូវទុនវិនិយោគខ្នាតធំទៅឱ្យក្រុមហ៊ុនបច្ចេកវិទ្យាដែលទើបតែបើកថ្មីៗនៅក្នុងប្រទេសកម្ពុជា។

ពិធីប្រកាសមូលនិធិនេះត្រូវបានចូលរួមដោយឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា (MPTC) រួមទាំងក្រសួងពាក់ព័ន្ធផ្សេងទៀត ឯកអគ្គរដ្ឋទូត និងអ្នកតំណាងមកពីសហគមន៍បច្ចេកវិទ្យារបស់ប្រទេសកម្ពុជា។

ពួកគេភាគច្រើនត្រូវបានអបអរសាទរចំពោះលទ្ធភាពដែលមូលនិធិនេះត្រួវបានបង្កើតឡើងសម្រាប់អ្នកដែលមានបំណងចង់ធ្វើជាសហគ្រិនឌីជីថលនៅក្នុងប្រទេសកម្ពុជា។ ការយល់ឃើញនេះត្រូវបានថ្លែងដោយឯកឧត្តម ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានសុទិដ្ឋិនិយមថា មូលនិធិនេះនឹងជួយបង្កើតអោយមានអ្នកទេពកោសល្យឌីជីថលបន្ថែមទៀតនៅក្នុងប្រទេស និងរួមចំណែកក្នុងការជំរុញឱ្យមានការបង្កើតថ្មីនិងបង្កើនសេដ្ឋកិច្ចឌីជីថលរបស់ប្រទេសកម្ពុជា។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ឯកឧត្តម ត្រាំ អ៊ីវតឹក បានថ្លែងពីក្តីសង្ឃឹមស្តីពីសក្តានុពលនៃការច្នៃប្រឌិតឌីជីថលរបស់មូលនិធិ Smart

ប្រភពរូបថត: ក្រុមហ៊ុន Smart

“នៅក្នុងយុគសម័យឌីជីថលនៃកិច្ចការគ្រប់យ៉ាង” នេះមានការច្នៃប្រឌិតអំពីបច្ចេកវិទ្យានិងសេវាកម្មឌីជីថលជាច្រើននៅក្នុងប្រទេសកម្ពុជារួចទៅហើយ។ រាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តដើម្បីគាំទ្រលើវិស័យនេះដែលជាផ្នែកមួយនៃការផ្តោតយកចិត្តទុកដាក់របស់យើងនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ICT សម្រាប់ប្រជាជនកម្ពុជាទាំងអស់។ ក្នុងនាមជាភាគីពាក់ព័ន្ធដ៏មានសារៈសំខាន់នៅក្នុងវិស័យនេះ យើងគួរផ្តោតការយកចិត្តទុកដាក់ទៅលើការកំណត់អត្តសញ្ញាណឱកាសរួមរបស់យើង និងការអនុវត្តន៍ដ៏ល្អបំផុតសម្រាប់ការរួមបញ្ចូលបច្ចេកវិទ្យាដែលត្រូវបង្ហាញពីការទាមទារឲ្យមានតំណើរការឆ្ពោះទៅរកការសម្រេចបានដែលនិងត្រូវភ្ជាប់ទៅកាន់សហគមន៍នៅកម្ពុជា”។ សក្តានុពលនៃមូលនិធិនេះគឺដើម្បីពង្រឹងវិស័យធុរកិច្ចនិងឌីជីថលនៅក្នុងប្រទេសកម្ពុជា។

ចង់ដឹងបន្ថែមទៀតអំពីមូលនិធិសម្រាប់ការច្នៃប្រឌិតឌីជីថលនេះមែនទេ? សូមទស្សនាវីដេអូនេះដែលក្រុមហ៊ុន Smart Axiata បានដាក់បញ្ចូលដើម្បីស្វែងយល់បន្ថែម:

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ទៅលើមូលនិធិនេះ សូមចូលទៅកាន់គេហទំព័រ https://sadif.com.kh/apply-now/ ដើម្បីបញ្ជូនពាក្យស្នើសុំរបស់អ្នក។ យើងសូមជូនពរឱ្យអ្នកទាំងអស់គ្នាមានសំណាងល្អ!

សូមតាមដាន Geeks in Cambodia ជាប់ជាប្រចាំ សម្រាប់ដំណឹងថ្មីៗដែលពាក់ព័ន្ធទៅនិងវិស័យបច្ចេកវិទ្យា ឌីជីថល និងទិដ្ឋភាពអាជីវកម្មថ្មីៗនាពេលអនាគត!