ក្រុមហ៊ុន Rocket Internet បានបើកដំណើរការវិបសាយស្វែងរកការងារថ្មីមួយនៅក្នុងប្រទេសកម្ពុជា

កាលពីថ្ងៃ​ទី 9 ខែ​មិថុនា ​កន្លងទៅនេះ Everjobs​​ ដែលជាវិប​ផត​ថល​អាជីព​ការងារ​ថ្មី​មួយ​បាន​ចាប់​ផ្តើ​ម​ធ្វើ​ប្រតិបត្តិការ​ជា​ផ្លូវការរបស់​ខ្លួន​​នៅក្នុង​រាជ​ធានី​ភ្នំ​ពេញ​។ ដោយមានការគាំទ្រ​ដោយ​ក្រុមហ៊ុន​ Rocket Internet, វេទិការបស់ Everjobs ផ្តល់​ជូន​នូវទី​ផ្សារដែលកំពុងតែមានការ​រីក​ចម្រើន​នៅក្នុងតំបន់​អាស៊ី​អាគ្នេយ៍​និងនៅ​តំបន់អាហ្វ្រិក​ដោយ​មាន​អាជីពការងាររាប់ពាន់សម្រាប់​អ្នក​ជំនាញ​។

វិបសាយនេះបានផ្គូផ្គងនូវជំនាញ​វិជ្ជាជីវៈដ៏​ត្រឹមត្រូវ​សម្រាប់ទាំង​អ្នកជំនាញនិង​និយោជក​ដោយ​ភ្ជាប់​អ្នក​ស្វែងរក​ការងារ​ទៅ​នឹង​ឱកាស​ការងារ​អោយបាន​ត្រឹមត្រូវ​តាម​រយៈ​ជំនាញ​ដែល​ពួក​គេ​មាន​។

និន្នាការ​នៃ​ការ​ទទួល​យក​នៅ​លើ​ទីផ្សារ​​នេះ​ហាក់ដូចជាបាន​មកដោយគ្មានការ​ភ្ញាក់ផ្អើល ​ដូចដែល​ក្រុមហ៊ុន Rocket Internet ​បន្តនូវវិធី​សា​ស្រ្ត​របស់​ខ្លួន​ក្នុង​ការ​​ចូល​ទៅ​ក្នុង​ទីផ្សារ​ដែល​ការ​ជ្រៀតចូលនៃ​​ទូរស័ព្ទ​និង​អ៊ី​ន​ធឺ​ណេ​តគឺ​នៅតែមានអត្រាខ្ពស់គ្រប់ពេល​​ទាំង​អស់​​។ ប្រទេស​កម្ពុជា​បាន​មាន​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​មួយជា​មួយ​នឹង​ផលិត​ផល​ក្នុង​ស្រុក​សរុប (GDP​) ចំនួន 7​% ក្នុង​មួយ​ឆ្នាំ​។ ដែលនេះ​មាន​ន័យ​ថា​គឺ​វាមានសារៈសំខាន់​ដោយមាន​និយោជក​ជា​ច្រើន​កំពុង​តែ​ស្វែង​រក​បុគ្គលិក​។

លោក​ស្រី Anne Rose Dingemans ជាសហ​ស្ថាបនិក​និង​ជា​នាយក​ចាត់​ចែង​របស់ Everjobs កម្ពុជា​បាន​និយាយថា​: “យើង​មាន​គោល​បំណងក្នុងការ​ជួយ​សម្រួល​ដល់​ការ​រីកចំរើន​នៃទី​ផ្សារ​ការងារ​ដែល​បាន​មក​ពី​កំណើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់​រហ័ស​នេះ។ យើង​មិន​គ្រាន់​តែ​ចង់​ផ្តល់​វេទិកា​ការ​ងារ​នៅ​កម្ពុជា​តែប៉ុណ្ណោះទេ យើង​ក៏ចង់​ទទួល​បាន​ការ​ចូលរួម​ជាមួយ​សហគមន៍​មូលដ្ឋាន​និង​យល់​ពី​តម្រូវការ​របស់​ពួកគេ​ផងដែរ។”

នៅ​ក្នុង​លក្ខខណ្ឌ​នៃ​និន្នាការ​ឌីជីថល​នៅ​ទី​នេះ​ ប្រទេសកម្ពុជា​មាន​កំណើនអ្នក​ប្រើ​ប្រាស់​អ៊ី​ន​ធឺ​ណិ​តយ៉ាងសកម្មដ៏​ធំ​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស​នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជាមួយ​នឹង​ការ​កើនឡើងចំនួន 414​% ចាប់​តាំង​ពី​ខែ​មករា ​ឆ្នាំ 2014។ នេះ​មាន​ន័យ​ថា​ជាង 1/3 នៃ​ប្រជាជន​កម្ពុជា​បាន​ចូល​ដំណើរការទៅកាន់ប្រព័ន្ធ​អ៊ីនធឺណិត​រួច​ទៅ​ហើយ​។ លើស​ពី​នេះ​ទៅទៀត​ 47​% នៃ​ចរាចរ​នៅលើប​ណ្តា​ញអ៊ីនធឺណេត​​បាន​មក​ពី​ទូរស័ព្ទ​ដៃ​ខណៈ​ពេល​ដែល​កុំព្យូទ័របានកើនឡើងចំនួន 45​%។

បន្ថែម​ពីលើ​នេះ​ទៀត​ លោក Ronald Schuurs ជា​សហ​ស្ថាបនិក​នៃ Everjobs បាន​និយាយ​ថា “នៅ​ក្នុង​ប្រទេស​កម្ពុជា​ ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត​និង​ទូរស័ព្ទ​ដៃ​កំពុងតែមានការ​រីក​លូតលាស់​យ៉ាង​ឆាប់​រហ័ស​។ ចាប់​តាំង​ពី​​ការបើក​ដំណើរ​ការ​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មក Everjobs បានទទួលអ្នកចូលទស្សនាគេហទំព័រ​របស់ខ្លូនចំនួន 16.000 នាក់​ក្នុងមួយខែ​ ដោយ​មាននិយោជក​ចុះ​បញ្ជី​ចំនួន 800 នាក់​ដែល​រួម​មាន​ក្រុមហ៊ុន ​កូ​កា​កូឡា​ ណា​ហ្គា​វើ​ល​ និង​​ក្រុម​ហ៊ុន SMART​ និងទទួលបាន CV ជាង 1500 នាក់ ​ និង​មានការ​ចុះ​បញ្ជី​ការងារ​​ជាង 2500 កន្លែង។ វេទិកា​នេះ​គឺ​មានភាព​ងាយ​ស្រួលក្នុងការ​ប្រើប្រាស់​ជា​មួយ​នឹង​ការ​រចនា​វែ​ប​សាយ​ដ៏ស្រស់​ស្អាត​ដែល​ធ្វើ​អោយវាមាន​ភាព​ងាយ​ស្រួល​សម្រាប់​អ្នក​ប្រើប្រាស់​ដែលបានរុករក​នៅលើវិបសាយនេះ។

Everjobs ដំណើរការ​នៅ​ក្នុងបី​ជំហានគឺ​ ​:

  1. បង្កើត​ប្រូហ្វាលរបស់​អ្នក​នៅលើ​បណ្ដាញ​​នៅ​ក្នុងរយៈពេល 5 នាទី​ ជាមួយនិងមុខងារបង្កើត​ប្រវត្តិរូប – វា​ផ្តល់អោយអ្នក​នូវ​ទម្រង់​ផ្សេង​ៗគ្នា​ដើម្បី​បំពេញ​​បទ​ពិសោធន៍ ​ការអប់រំ ​ជំនាញ​ និង ភាសា​របស់អ្នក។
  2. ស្វែងរក​ការ​ងារនៅ​តាមអនឡាញ – បន្ទាប់​ពីបាន​ជ្រើស​រើសពត៌មានផ្សេងៗ​ក្នុង​ការ​សរសេរ CV, ម៉ាស៊ីន​ស្វែងរក​នឹង​ចំរាញ់យកការ​ងារ​ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​កំពុង​តែ​ស្វែង​រក​។ អ្នក​ក៏​អាច​បញ្ជាក់​បន្ថែម​ពីទីតាំង ​តួនាទី ​វិស័យ ​ឬ​កម្រិត​ការងាររបស់​អ្នក​ជា​មួយ​នឹង​ការស្វែងរកកម្រិត​ខ្ពស់​។
  3. ដាក់ស្នើការ​ងារ​នៅតាមអនឡាញ – គ្រាន់​តែ​ចុច​នៅលើ​ប៊ូតុង “apply​” ហើយ​ផ្ញើ​ប្រវត្តិរូបសង្ខេប​​របស់​អ្នក​ទៅ​កាន់​ក្រុម​ហ៊ុន​។

បច្ចុប្បន្ន​វែ​ប​សាយនេះ​គឺមាន​​តែ​នៅ​ក្នុងភាសា​អង់គ្លេស​តែប៉ុណ្ណោះ ចំពោះ​ភាសា​ខ្មែរ​គ្រោង​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អនាគត​។ សូមចូលទស្សនាគេហទំព័រ​របស់ Everjob នៅ​ទីនេះ​!