ការសង្ខេបឡើងវិញនូវសិក្ខាសាលាស្តីពីគម្រោងទីក្រុងឆ្លាតវៃនៅក្នុងប្រទេសកម្ពុជា: អ៊ីនធើណែតនៃកិច្ចការគ្រប់យ៉ាង

កាលពីថ្ងៃ​ទី 16 ខែ​មិថុនា​ ឆ្នាំ 2015 កន្លងទៅនេះ សហព័ន្ធ ICT កម្ពុជា (ICTF​) បាន​រៀបចំ​សិក្ខាសាលា​មួយ​ស្តី​ពី​គំរោងទីក្រុងឆ្លាតវៃ (Smart City) ​នៅ​អគារសូ​ម៉ា​ ​។ ដោយស្ថិតនៅក្រោមសម្ព័ន្ធររបស់សហព័ន្ធ ICTF, ក្រុមហ៊ុនសោម៉ាគ្រុបបានបង្កើត​ទីក្រុង​ថ្មីមួយ​នៅ​លើ​ផ្ទៃដី​ប្រមាណ 60 ហិ​ក​តា​ដែលមានចំងាយប្រមាណពី ២ ទៅ ៣ គីឡូមែត្រពីរាជធានី​ភ្នំពេញ​។

ដោយស្របជាមួយនឹងគំនិតរបស់ Smart City, ទីក្រុងថ្មីនេះនឹងធ្វើអោយការប្រើប្រាស់បច្ចេកវិទ្យាទំនាក់ទំនងពត៌មានកាន់តែមានភាពទូលំទូលាយថែមទៀតនៅគ្រប់វិស័យទាំងអស់ក្នុងគោលបំណងដើម្បីជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច ​បង្កើន​កិច្ចសហប្រតិបត្តិការ​និងផ្តល់​ភាព​ងាយស្រួល​ សម្រេច​បាន​នូវ​ប្រសិទ្ធិ​ភាព​នៃការចំណាយ​បាន​យ៉ាងប្រសើរ​ បង្កើន​ប្រសិទ្ធភាព​នៃការ​ប្រើ​ប្រាស់​ធន​ធាន ​បង្កើនការចូលរួម​យ៉ាង​សកម្ម​ជាមួយ​ប្រជាពលរដ្ឋ​ និងដើម្បីជំរុញប្រទេស​កម្ពុជា​អោយឆ្ពោះទៅ​កាន់យុគសម័យឌីជីថល​។

អ្នកចូលរួមប្រមាណជា 20 នាក់​មក​ពី​វិស័យ​ឯកជន​បាន​ចូលរួម​ក្នុងសិក្ខាសាលា​នេះ​រួម​មាន ​សមាជិក​មកពី​សហព័ន្ធ ICT កម្ពុជា ​ក្រុមហ៊ុន​សូ​ម៉ា​គ្រុប ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ អ្នកផ្តល់គំរោង អ្នក​វិនិយោគ ស្ថាបត្យករ​ និងអ្នកផ្តល់សេវាប​ច្ចេ​ក​វិទ្យា​​។

បន្ទាប់​ពី​សេចក្តី​ណែនាំ​ដោយ​សហព័ន្ធ ICT កម្ពុជា​ ត្រូវបានបញ្ចប់ លោក​  Chong Choon Jeng ជាអ្នកតំណាង​របស់ក្រុមហ៊ុនស៊ី​ស្កូ​កម្ពុជា​ ​បាន​ចាប់​ផ្តើ​ម​ណែនាំ​អំពី​របៀប​ដែល​ Smart City ​ដំណើរការ​។ លោក​បាន​លើកឡើង​ថា​ អ៊ិ​ន​ធឺ​ណិត​គឺ​ជា​អ្វី​គ្រប់​យ៉ាងក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូ​​​នៅក្នុង​ទីក្រុង​ឆ្លាត​វៃ ប៉ុន្តែ 99​% នៃ​ពិភពលោក​នៅ​តែ​មិន​ទាន់ទទួលបានការ​តភ្ជាប់​យ៉ាង​ពេញលេញ​នៅ​ឡើយ​​។ ខាង​ក្រោម​នេះ​គឺ​រចនា​សម្ព័ន្ធ​គ្រប់គ្រង​​នៅ​ក្នុង​ទីក្រុង​ឆ្លាតវៃ​:

  • ចរាចរណ៍​ឆ្លាតវៃ: រក​ឃើញ​ឧប្បត្តិហេតុ​គ្រោះថ្នាក់​និង​ឆ្លើយតប​ទៅ​កាន់​ពួក​គេ​យ៉ាង​មាន​ប្រសិទ្ធិ​ភាព​ដើម្បីធ្វើអោយមាន​​សុវត្ថិភាពនៅលើដងផ្លូវ​។ ដំណោះ​ស្រាយ​នេះ​បាន​ផ្ដល់​នូវ​ការ​យល់ដឹង​នៅក្នុង​ការធ្វើ​ចរាចរ​នៅ​តាម​ទីក្រុង ​ដូច្នេះ​អាជ្ញាធរ​ចរាចរណ៍​អាច​ធ្វើ​ការ​សម្រេច​ចិត្តបានល្អ​ប្រសើរ​ជាង​មុន​​។
  • កន្លែង​ចត​រថយន្ត​ឆ្លាតវៃ​: ផ្ដល់ពត៌មានដល់ប្រជា​ពលរដ្ឋ​នូវពេល​វេលា​ជាក់ស្តែងអំពី​កន្លែង​ចត​រថយន្ត​ដែល​អាច​ប្រើ​បាន​។ ដំណោះ​ស្រាយនេះ​គឺការប្រមូល​និង​ផ្តល់​ទិន្នន័យ​ដោយ​ការ​រួម​បញ្ចូល​គ្នា​រវាង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ទីក្រុងដោយការ​តភ្ជាប់ Wi​-Fi ជាមួយ​នឹង​កាមេរ៉ា IP ​ឧបករណ៍​ចាប់​សញ្ញា​ និង​កម្មវិធីនៅលើ​ស្មា​ត​ហ្វូ​ន​។
  • ប្រព័ន្ធសុវត្ថិ​ភាព​សាធារណៈ​ឆ្លាតវៃ ​: ឧបករណ៍ឆ្លាតវៃរបស់ស៊ី​ស្កូ + ​ឧបករណ៍សុវត្ថិភាពដែលបានតភ្ជាប់​នៅក្នុង​ទីក្រុង​និង​ដំណោះ​ស្រាយ​ស​ន្ដិ​សុខ​បានជួយ​ការពារ​ទីក្រុង​ពីអំពើ​ឧក្រិដ្ឋកម្ម​ អំពើ​ភេរវកម្ម​ និង​ចលាចល​ស៊ីវិល​។ វា​ជួយ​ត្រួត​ពិនិត្យ​ការ​អនុវត្ត​ច្បាប់​នៅ​តាម​ទី​សាធារណៈ​ ​តាមដាន​ឧប្បត្តិហេតុ​និង​ជន​សង្ស័យ​ ធ្វើ​អោយការ​ឆ្លើយ​តបមានភាព​ឆាប់​រហ័ស​។ តាមរយៈ​ការ​រួម​បញ្ចូល​គ្នា​រវាង​ព​ត៌​មាន​ពីវីដេអូ​ដែលទទួលបានពី​កាមេរ៉ាសន្តិសុខ​ ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម ​សេចក្តី​រាយការណ៍​ពីប្រជាពលរដ្ឋ​ និង​ឧបករណ៍​ចាប់​សញ្ញា​ផ្សេង​ទៀត ​ដំណោះ​ស្រាយ​នេះបានផ្ដល់​នូវ​ទិដ្ឋភាពនៃ​សុវត្ថិភាព​នៅក្នុងទីក្រុង​បានទាំងស្រុង។
  • ប្រព័ន្ធភ្លើង​បំភ្លឺឆ្លាតវៃនៅ​តាមដង​ផ្លូវ​​: ប្រើប្រាស់ឧបករណ៍ឆ្លាតវៃ + ​ឧបករណ៍​ចាប់​សញ្ញាចំរុះ​ដែលបាន​ត​ភ្ជាប់នៅក្នុងទីក្រុង​ ដើម្បីកាត់​បន្ថយ​ការ​ប្រើ​ប្រាស់​ថាមពលនិងការចំណាយ​​​ និង​ជួយថែទាំ​​ប្រព័ន្ធ​ភ្លើង​បំភ្លឺ​នៅ​ក្នុង​ទីក្រុង​។
  • ​ប្រព័ន្ធ​គ្រប់គ្រងកាក​សំណល់ឆ្លាតវៃ​​: ប្រើប្រាស់​ឧបករណ៍​ចាប់​សញ្ញា​ដែលបានដំឡើង​នៅ​ក្នុងធុង​សំរាម​​នៅ​តាមដងផ្លូវ​ដែល​អនុញ្ញាត​អោយធុងនោះ​បញ្ចេញសញ្ញា​នៅ​ពេល​​ដែលសំរាមបាន​ពេញនៅក្នុងធុងនោះ ការធ្វើបែបនេះបានផ្តល់នូវភាពងាយស្រួលក្នុងការប្រមូលសំរាមអោយសមស្របទៅតាមតម្រូវ​ការ​ជា​ជាង​ការ​កំណត់​ពេលវេលាដើម្បីប្រមូល​សំរាម។
  • ប្រព័ន្ធត្រួត​ពិនិត្យ​បរិស្ថាន​ឆ្លាតវៃ​: ប្រើ​ប្រាស់ឧបករណ៍​ចាប់​សញ្ញា​ដើម្បី​ជួយ​ក្នុង​ការ​ការពារ​បរិស្ថាន​ដោយ​ត្រួតពិនិត្យ​គុណភាព​ខ្យល់ឬទឹក បរិយាកាស​ ឬស្ថានភាព​ដី​។

តើអ្នកមានចាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមទៀតអំពីទីក្រុងឆ្លាតវៃមែនទេ? សូមទស្សនាវីដេអូ​ខាង​ក្រោមស្តីពី Smart City នៅក្នុង​ទីក្រុង Barcelona ​!

បន្ទាប់ពី​បទ​បង្ហាញ​នេះត្រូវបានបញ្ចប់ អ្នក​ចូលរួម​បាន​បញ្ចប់​សម័យ​ប្រជុំ​ជា​មួយ​នឹង​កិច្ច​ពិភាក្សា​និងការ​ផ្តល់មតិ​យោបល់​ត្រឡប់​​។