សង្ខបព្រឹត្តិការណ៍ FOSSASIA រាជធានីភ្នំពេញ ឆ្នាំ 2014

FOSSASIA គឺ​ជា​សហគមន៍​កម្មវិធីកូដ​បើក​ចំហមួយនៅក្នុងតំបន់​អាស៊ី​។ សន្និសីទ FOSSASIA ឆ្នាំ 2014 បាន​ធ្វើ​ឡើង​ថ្ងៃទី 28 ខែកុម្ភៈ​ដល់​ទី 2 ខែ​មីនា​នៅ​ សាកល​វិទ្យា​ល័​យ​ន័​រ​តុ​ន ក្នុង​រាជធានី​ភ្នំពេញ​ប្រទេស​កម្ពុជា​។

ជាមួយ​នឹងវាគ្មិនចំនួន 87 នាក់​មក​ពី​ទូទាំង​ពិភពលោក ​ព្រឹត្តិការណ៍នេះ​បានស្វាគមន៍​អ្នក​ចូល​រួមជាង 839 នាក់ដែលក្នុង​នោះសុទ្ធសឹងតែ​ជា​និស្សិត ​អ្នក​អភិវឌ្ឍន៍​គេហទំព័រ ​និង​ អ្នកដែល មាន​បទ​ពិសោធខាងផ្នែក​បច្ចេកវិទ្យា​​។ ដោយមានចំនួនអ្នកចូល​រួម​ដ៏ច្រើនលើសលុប​ក្នុង​រយៈពេលពីរ​ថ្ងៃ​ដំបូង បានធ្វើអោយព្រឹត្តិការណ៍​ FOSSASIA នេះ​ទទួល​បាន​នូវភាព​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ ហើយខ្ញុំ​ក៏​សប្បាយ​រីករាយក្នុង​ការចូលរួម​នៅក្នុងព្រឹត្តិការណ៍នេះដែរ​ !

ប្រធានបទ​សំខាន់​ៗនៅព្រឹត្តិការណ៍​ FOSSASIA ឆ្នាំ 2014 នេះសុទ្ធតែទាក់ទង​ទៅ​នឹង​កម្មវិធី​កូដ​បើកចំហនិងមានជា​កិច្ច​ពិភាក្សា​និង​សិក្ខាសាលា​ដែលផ្តោ​ត​លើ​ដំណោះស្រាយទូរស័ព្ទ ចល័ត ​បច្ចេកវិទ្យា​វេបសាយ ប្រព័ន្ធ​ប្រតិបត្តិការ​លីនុច​ ការអប់រំបើកទូលាយ​និង​ដំណោះស្រាយ​ផែនទីបើកចំហរ​​ ។

ជាមួយ​នឹង​​សម័យ​ប្រជុំ​ផ្សេងៗគ្នាដ៏សំបូរបែប បាន​ធ្វើអោយអ្នកចូលរួម​​អាច​ជ្រើសរើស​ប្រធានបទ​ណាដែល​ពួកគេពេញ​ចិត្តហើយ​ចូលរួមនៅក្នុង​ថ្នាក់​រៀននីមួយៗឬ​នៅ​ក្នុង​សាល​ប្រជុំ​។ ទាំង​នេះ​ជា​ឧទាហរណ៍​មួយ​ចំនួន​នៅក្នុងសម័យប្រជុំដែល​ខ្ញុំ​បាន​ចូលរួម​មានដូចជា : TYPO3 (ជាប​ណ្តា​ញ​ប្រព័ន្ធ​គ្រប់គ្រង CMS មួយ​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ Word press​) សម័យ​ប្រជុំអំពីកម្មវិធីជំនួយនៅលើ Word Press ដែលអនុញ្ញាត​ឱ្យអ្នក​​អភិវឌ្ឍ​ន៏ការ​យល់​ដឹង​អំពីស្លាកសញ្ញា​និង​ស្វែងរក​ប្រាក់​ចំណេញ​ សម័យ​​ប្រជុំអំពី Piwik (ជាកម្មវិធី​វិភាគនៅលើ​វេបសាយដោយឥត​គិត​ថ្លៃមួយដែល​ស្រដៀង​គ្នា​ទៅ​នឹង​កម្មវិធី​វិភាគនៅលើហ្គូហ្គលដែរ ប៉ុន្តែ​វាមាន​ភាព​ខុស​គ្នានៅក្នុង​​លក្ខណៈ​ពិសេសមួយ​ចំនួន​) សម័យ​ប្រជុំអំពី​ Google Summer of Code (ជា​កម្មវិធី​​សកល​មួយដែលផ្តល់ឪកាសអោយអ្នកអភិវឌ្ឍន៍ជានិស្សិត​ក្រោយ​ថ្នាក់មធ្យម សិក្សា​​ដែលមាន​អាយុ​ចាប់​ពី​18 ឆ្នាំ​ឡើង​ទៅនឹងទទួលបាននូវ​ប្រាក់​អាហារូបករណ៍​ដើម្បី សរសេរ​កូដ​សម្រាប់គម្រោង​​កម្មវិធីកូដ​បើក​ចំហ​ផ្សេងៗ) សម័យប្រជុំអំពីគម្រោង Tinyboy (ជាម៉ាស៊ីន​បោះពុម្ព 3D មួយដែលបង្កើតឡើងដោយនិស្សិតមក​ពី​ហុង​កុង​ដោយប្រើកម្មវិធី​​កូដបើកចំហរ​ ​) ។

នៅ​ថ្ងៃ​ទី​បី​ ដែលជាថ្ងៃដែលត្រូវរអនុវត្ត​ហើយ​អ្នក​ចូលរួម​ទាំងអស់​ត្រូវទៅជួបជុំគ្នា​នៅ វិទ្យាស្ថាន​បើក​ទូលាយ ។ វា​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​អ្នក​ចូលរួម​នៅក្នុង​ការ​អនុវត្ត​នូវអ្វី​ដែល​ពួក​គេ​បាន​រៀននៅ​ក្នុង​អំឡុង​ពេល​មុន​។ នៅថ្ងៃ​ចុង​ក្រោយ​នេះមាន​សម័យប្រជុំចំនួន​ប្រាំ​គឺ:

- Wifi Mesh Networks បង្កើតប​ណ្តា​ញ​អ៊ិ​ន​ធឺ​ណិ​តនៅក្នុងតំបន់របស់​អ្នក

- ជំហាន​ដំបូង​ក្នុង​នាម​ជា​អ្នក​រួម​ចំណែក Fedora

- Map Party​ បង្កើត​ផែន​ទី​មួយ​ចំនួន

- សិក្ខាសាលាអំពី Firefox និង​គម្រោងបើកចំហ​ ​

សរុមរួមមក ព្រឹត្តិការណ៍ FOSSASIA ភ្នំពេញ​ ឆ្នាំ 2014 គឺ​ជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​បាន​នាំ​មក​នូវ​ចំណេះដឹង​និង​បទ​ពិសោធ​ន៏​ទៅដល់អ្នក​ចូល​រួម​ទាំង​អស់​ដែល​ចង់​ស្វែងយល់​បន្ថែម​អំពី​ប​ច្ចេ​ក​វិទ្យា​ប្រភព​បើក​ចំហ​។ អ្នក​អភិវឌ្ឍន៍​កម្មវិធីមិន​ត្រឹម​តែមាន​ឪកាសដើម្បី​បានរៀន​បន្ថែម​​អំពី​គម្រោង​ប្រភព​បើក​ចំហតែប៉ុនោះទេ ​ប៉ុន្តែ​ថែមទាំងទទួលបាន នូវ​បទ​ពិសោធ​បន្ថែម​ទៀត​ហើយក៏សូមអរគុណ​ដល់​ធនធាន​ផ្សេង​ៗ​ដែល​អនុញ្ញាត​ឱ្យ​ពួក​គេ​នៅតែរក្សា​ការ​អភិវឌ្ឍន៍លើ​គម្រោង​របស់​ពួក​គេ​។ ហើយ​សម្រាប់​ខ្ញុំ​វា​គឺ​ជា​ឪកាសដ៏​ល្អ​មួយ​ដើម្បី​បានជួប​ជាមួយ​អ្នក​ចូលរួមដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍មក​ពី​ទូទាំង​ពិភពលោក​ សូមអរគុណ ច្រើន​ដល់លោក Mario និង​គណៈ​ក​ម្មា​ធិការ FOSSASIA ទាំងអស់​សម្រាប់​ការ​រៀប​ចំ​​ព្រឹត្តិការណ៍​ដ៏ល្អបែប​នេះ​​​ ​ហើយ​ក៏សូមអរគុណ​ចំពោះ​ក្រុមអ្នក​ស្ម័គ្រ​ចិត្ត​និង​អ្នក​ចូលរួម​ទាំងអស់សម្រាប់​ការ​សប្បាយ​រីករាយទាំងអស់នេះ ​!