ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍ បាខែមភ្នំពេញ 2014

សួស្តី អ្នកនិយមបច្ចេកវិទ្យាទាំង​អស់គ្នា ​!

ខ្ញុំ​ឈ្មោះ ​រតនា ជា​អ្នកយកព័ត៌មាន​បច្ចេកវិទ្យា​សម្រាប់ geek នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​បាន​ចូល​រួមព្រឹត្តិការណ៍​បារ​ខែ​ម​ជា​ច្រើន​នៅ​ទូទាំងព្រះរាជាណាចក្រកម្ពុជាដូចជា បាខែម​កំពង់ចាម​ 2013 និង បាខែម​ភ្នំពេញ​ 2013។ ឆ្នាំ​នេះ​ខ្ញុំ​បាន​ត្រឡប់​មក​សាជា​ថ្មី​ម្តង​ទៀត​ហើយ​ជា​មួយនិងព្រឹត្តិការណ៍ បាខែមភ្នំពេញ​ 2014 ដោយពាំនាំមកនូវ​ព័ត៌មាន​និង​ចំណេះ​ដឹង​ថ្មីៗ​អំពី​ប​ច្ចេ​ក​វិទ្យា​និង​ការ​ចាប់ផ្ដើម​អាជីវកម្ម​ថ្មី​។

លោក កែវ រតនា ជាអ្នកយកព័ត៌មានបច្ចេកវិទ្យាសម្រាប់ geek នៅក្នុងប្រទេសកម្ពុជាបានចូលរួមព្រឹត្តិការណ៍ បាខែម 2014 ដើម្បីចែករំលែកបទពិសោធរបស់លោកអំពីព្រឹត្តិការណ៍នេះ

លោក កែវ រតនា បានចូលរួមព្រឹត្តិការណ៍បាខែម 2014 ដើម្បីចែករំលែកបទពិសោធន៍របស់លោកអំពីព្រឹត្តិការណ៍នេះ

ព្រឹត្តិការណ៍បារ​ខែ​ម​​ភ្នំពេញ​ 2014 បាន​ធ្វើឡើង​នៅ​ថ្ងៃទី 13​-14 ខែកញ្ញា​ ឆ្នាំ 2014 នៅ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា (ITC​)។ មានអ្នក​ចូលរួម​ជាង 3500 នាក់​បាន​បង្ហាញខ្លួននៅ​ក្នុង​សន្និសីទ​នេះ​ ដោយក្នុងនោះមានការចូលរួមពី​សិស្ស​និស្សិត​ជំនាញ IT​, សហគ្រិន​, អ្នកនិយម​បច្ចេកវិទ្យា​និង​អ្នកទាំងឡាយណា​ចង់​ទទួលបាននូវបទពិសោធន៍​ជាមួយនិង​ព្រឹត្តិការណ៍​ដ៏​គួរ​ឱ្យ​រំភើបនេះ​។

អ្នកចូលរួមជាង 3500 នាក់បានបង្ហាញខ្លូននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យានេះ

អ្នកចូលរួមជាង 3500 នាក់បានបង្ហាញខ្លូននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍បច្ចេកវិទ្យានេះ

សន្និសីទ​បច្ចេកវិទ្យា​នៅ​ក្នុងឆ្នាំ​នេះ​ក៏ត្រូវ​បាន​គាំទ្រ​ដោយ​ ក្រសួងអប់រំ​យុវជន​និង​កីឡា  និង​បាន​ឃើញ​ទេស​រដ្ឋ​ម​ន្រ្តី​រដ្ឋ​ម​ន្រ្តី​ក្រសួង​ពាណិជ្ជ​កម្ម​ក៏​ដូច​ជា​វាគ្មិនមកពីក្រុមហ៊ុន Google បានមក​​ចែក​រំលែក​ចំណេះ​ដឹង​របស់​ពួក​គេផងដែរ​។

សូមតាមដានដំណើរ​របស់​ខ្ញុំ​​នៅក្នុងព្រឹត្តិការណ៍បាខែម​ភ្នំពេញ​ 2014 ​!

ថ្ងៃទី 1 – ថ្ងៃ​សៅរ៍ ​ទី 13 ខែ​កញ្ញា

ម៉ោង 8:30 ព្រឹក​: បន្ទាប់​ពី​ការ​ចុះ​ឈ្មោះ​ អ្នក​ចូលរួម​ទាំងអស់​បាន​ជួបជុំគ្នា​នៅ​សាល​ស​ន្និ​សី​ទ​​ដើម្បី​ស្តាប់សន្ទរកថា​ដែល​បាន​ផ្ដល់​ដោយ​អ្នក​រៀបចំកម្មវិធី​។

នា​ព្រឹក​នោះ​ ​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដើរ​ទស្សនា​ការ​តាំង​ពិ​ពណ៌​ទាំងអស់នៅក្នុង​សាល​នោះ។មានក្រុមហ៊ុន​ជា​ច្រើន​បានបង្ហាញ​ផលិតផល​និង​សេវាកម្ម​របស់​ពួកគេ​នៅ​ក្នុង​សាលពិ​ព័ណ៌​នោះ។ សហគមន៍​របស់ក្រុមហ៊ុន Google ក៏​បាន​តាំងបង្ហាញ​រថយន្ត​ Google Street View ​របស់​ពួក​គេ​នៅ​ឯ​សាល​​នោះផងដែរ​ ​ក្រោយពីយើងបានឃើញ ក្រុមហ៊ុន Google ទើបបាន​ប្រកាស​ពី​ការ​ចេញ​ផ្សាយនូវ​រូបភាពទិដ្ឋភាពតាមដង​ផ្លូវ​ថ្មី​​នៅ​ក្នុង​ប្រទេស​កម្ពុជា នាពេលថ្មីៗ នេះ។

រថយន្ត Google Street View ត្រូវបានតាំងបង្ហាញនៅសាលពិ​ពណ៌​

រថយន្ត Google Street View ត្រូវបានតាំងបង្ហាញនៅសាលពិ​ពណ៌​

ម៉ោង 2 រសៀល​: ខ្ញុំ​បាន​ចូលរួមក្នុងសិក្ខាសាលាមួយលើ​ប្រធានបទ “អ្នកអភិវឌ្ឍន៍​ និង Google​” ដែលមានការចូលរួមដោយវាគ្មិនមកពីក្រុមហ៊ុនហ្គូហ្គល​។ នៅ​ក្នុង​សម័យ​ប្រជុំនេះ​ អ្នកចូលរួមទាំងអស់​អាចសួរជា​សំណួរផ្សេងៗបានដោយសេរី​ទៅ​កាន់វាគ្មិន​ដែល​ទាក់ទង​នឹង​ផលិតផលឬសេវាកម្ម​របស់​ក្រុមហ៊ុន Google​ ​ដូចជា​: Google បកប្រែ​, ផែនទី​ Google​, Google ទិដ្ឋភាព​ផ្លូវ​, Google Apps សម្រាប់​អាជីវកម្ម​​, Google AdSense​, Google Adwords និងមានអ្វី ជា​ច្រើន​ទៀត​។

វាគ្មិនចំនួនបួនរូបមកពីក្រុមហ៊ុន Google បានឆ្លើយសំណួរពីអ្នកចូលរួម

វាគ្មិនចំនួនបួនរូបមកពីក្រុមហ៊ុន Google បានឆ្លើយសំណួរពីអ្នកចូលរួម

ម៉ោង 4 រសៀល​: ខ្ញុំ​បាន​ចូល​រួមសិក្ខាសាលាមួយស្តីអំពី “ការ​ផលិត​វីដេអូ​និង​ការ​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ដើម្បី​ស្វែង​រក​ការ​គាំទ្រ​” ដោយ លោក ជឹម ​មុនី​រ័ត្ន នៅ​ក្នុង​សម័យ​ប្រជុំនេះ ​លោក​បាន​រៀបរាប់​អំពីមូលដ្ឋាន​គ្រឹះនៃ​ការ​ផលិត​​វីដេអូនិង​ការ​ថតរូប​។

​លោកបាន​ពន្យល់​ថា ដើម្បីអោយការថតរូបមួយបានល្អ យើងត្រូវ​ពិចារណា​​លើចំនុចទាំង 10 ​នៅពេលថតរូបគឺ​: ការ​ផ្តោ​ត​យករូបភាព​ ប្លង់នៃរូបភាព​ កាយវិការ​ បន្ទាត់​ ពន្លឺ​ ជម្រៅ​រូបភាព​ ការ​ពិពណ៌នា​ ស៊ុម ​ទំនាក់ទំនង និង​ ការ​កែសម្រួល​រូបភាព។

ម៉ោង 5 ល្ងាច​: នៅ​ចុង​បញ្ចប់​នៃ​ថ្ងៃ​ដំបូងនេះ​ អ្នក​រៀបចំព្រឹត្តិការណ៍​បាខែមភ្នំពេញ​បាន​ចាប់​ផ្តើ​មបង្កើត​ភាព​រីក​រាយ​មួយជាមួយ​នឹង​ការ​លេងហ្គេម​និង​ចាប់​ឆ្នោតផ្សងសំណាង​ដើម្បីឈ្នះ​រង្វាន់ដ៏អស្ចារ្យ​​!

ថ្ងៃទី 2 – ​ថ្ងៃ​អាទិត្យ​ ទី 14 ខែ​កញ្ញា

ម៉ោង 10 ព្រឹក​: ខ្ញុំ​បាន​ចូលរួម​នៅក្នុងសិក្ខាសាលាមួយ​ស្តីអំពីរបៀប​ដើម្បីបង្កើតក្រុមអ្នក អភិវឌ្ឍន៍​ Google ​នៅ​ក្នុង​ខេត្ត​របស់​អ្នកដែលត្រូវបានធ្វើបទបង្ហាញ​ដោយលោក ឡុញ សាមឌី ជាអ្នក​ដឹក​នាំ​សហគមន៍ GDG Phnom Penh ។ នៅ​ក្នុង​សម័យប្រជុំ​នេះ​លោក​បាន​ពន្យល់​អំពី​អ្វីជា GDG ​និង​អ្វី​ដែល​ពួកគេ​បាន​ធ្វើរហូតមក​ទល់​ពេល​នេះ​។

លោក  ឡុញ សាមឌី អ្នកដឹកនាំសហគមន៍  GDG Phnom Penh បានធ្វើបទបង្ហាញស្តីអំពី “របៀបដើម្បីបង្កើតក្រុមអ្នកអភិវឌ្ឍន៍ Google  នៅក្នុងខេត្តរបស់អ្នក” ទៅកាន់អ្នកចូលរួម

លោក ឡុញ សាមឌី អ្នកដឹកនាំសហគមន៍ GDG Phnom Penh បានធ្វើបទបង្ហាញស្តីអំពី “របៀបដើម្បីបង្កើតក្រុមអ្នកអភិវឌ្ឍន៍ Google នៅក្នុងខេត្តរបស់អ្នក” ទៅកាន់អ្នកចូលរួម

លោក​ក៏​បាន​ពន្យល់ផងដែរ​អំពី​ចំនុចដែលគួរ​តែ​ត្រូវ​បាន​ជ្រើស​រើសដើម្បីធ្វើ​ជា​អ្នកដឹក​នាំ​សហគមន៍​ GDG ។ លក្ខណៈ​វិនិច្ឆ័យ​ទាំងនេះ​មាន​ដូច​ខាងក្រោម​:

  • ធ្លាប់មានបទពិសោធន៍​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​សហគមន៍ផ្សេងៗ
  • ចេះភាសាអង់គ្លេសបានល្អ​
  • មានចំនង់ចំណូលចិត្តក្នុងការ​រៀន​បច្ចេកវិទ្យា​ថ្មីៗ
  • បើក​ចំហ​និង​មាន​ឆន្ទៈ​ក្នុង​ការ​ចែក​រំលែក
  • រៀប​ចំ​ព្រឹត្តិ​ការណ៍​យ៉ាង​ហោច​ណាស់​អោយបានមួយ​ដងក្នុងរយៈពេល 3 ខែ
  • មានជំនាញ​ទំនាក់​ទំនង

ប្រសិន​បើ​​អ្នក​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ធ្វើ​ជាអ្នក​ដឹក​នាំ​សហគមន៍​ដើម្បី​រៀបចំក្រុម GDG ក្នុង​ខេត្ត​របស់​អ្នក ​អ្នក​អាច​ទាក់ទង​មកកាន់លោកផ្ទាល់​ឬ​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក GDG Phnom Penh នៅ​ទីនេះ ទំព័រ​ G+ នៅ​ទីនេះ ឬចូលទៅកាន់​វេ​ប​សាយ​របស់​ពួក​គេ នៅ​ទី​នេះ ។ អ្នក​ក៏​អាច​ដាក់ពាក្យ​តាម​អន​ឡា​ញបានផងដែរ នៅ​ទីនេះ !

ម៉ោង 11 ព្រឹក​: ខ្ញុំ​បាន​ចូលរួម​នៅក្នុង​វគ្គសិក្ខាសាលាមួយស្តីអំពី “ការ​ប្រើ​ទូរស័ព្ទ​ទំនើប​សម្រាប់​ការធ្វើដំណើរ​” ដោយលោក ទិត ដា​រ៉ា​។ នៅ​ក្នុង​សម័យប្រជុំ​នេះ​ លោក​បាន​ចែក​រំលែក​អំពី​ការ​ចាប់ផ្ដើមអាជីវកម្មថ្មី​របស់​លោកគឺ កម្មវិធី​ទូរស័ព្ទ​ចល័ត​ដែល​អាច​ជួយដោះស្រាយ​បញ្ហា​បាន​នៅក្នុងការធ្វើដំណើរ។ កម្មវិធី​ទូរស័ព្ទ​ដៃ​នេះមានឈ្មោះ​ថា “Khmer Transport ​” ហើយ កម្មវិធីនេះអាច​ដំណើរការបាននៅលើប្រព័ន្ធ​ប្រតិបត្តិការ Android ។ ជា​មួយ​នឹង​កម្មវិធី​នេះ​ អ្នកដំណើរ​អាច​កក់​សំបុត្រ​រថយន្តបាន មើលរូបរាងរបស់ឡានទុកជាមុន ទំនាក់​ទំនងជាមួយ អ្នកបើក​បរ​ ​និង​ អាច​ត្រួត​ពិនិត្យ​​រថយន្តដែលនៅទំនរ​។ កម្មវិធី​នេះ​គឺ​កំពុងស្ថិត​ក្នុង​ការ​អភិវឌ្ឍន៍ នៅឡើយ​និង​មិនទាន់បានបញ្ចូលទៅក្នុង Play Store ​នៅ​ឡើយ​ទេ​។ បច្ចុប្បន្ន​នេះ​លោក​កំពុង​ស្វែង​រក​​ក្រុម​ហ៊ុន​ដឹក​ជញ្ជូន​​ដើម្បីធ្វើ​ជាដៃ​គូ​ជាមួយ​លោក​។

លោក ទិត ដារ៉ា បានធ្វើបទបង្ហាញស្តីអំពីកម្មវិធីទូរស័ព្ទរបស់លោកដែល​អាច​ជួយដោះស្រាយ​បញ្ហា​ក្នុងការធ្វើដំណើរ

លោក ទិត ដារ៉ា បានធ្វើបទបង្ហាញស្តីអំពីកម្មវិធីទូរស័ព្ទរបស់លោកដែល​អាច​ជួយដោះស្រាយ​បញ្ហា​ក្នុងការធ្វើដំណើរ

ម៉ោង 3 រសៀល​: ខ្ញុំ​បាន​ចូលរួមនៅក្នុងវគ្គសិក្ខាសា​ចុង​ក្រោយមួយស្តីអំពី “សហគមន៍​របស់ Google និង ផលិតផលរបស់ Google ដែលត្រូវបានធ្វើបទបង្ហាញដោយ​ដោយ សហគមន៍​​ Google  កម្ពុជា​។ នៅ​ក្នុង​សម័យប្រជុំ​នេះ​ពួក​គេ​បាន​ធ្វើ​បទ​បង្ហាញ​នៅ​លើ​ផលិត​ផល​របស់ Google ដែល​មាន​​ជា​ភាសា​ខ្មែររួច​ទៅ​ហើយដូច​ជា​: ផែនទី​ Google​, Google​ បកប្រែ​, Google Drive​, Gmail​, និង​ Android​។

សហគមន៍ Google នៅក្នុងប្រទេសកម្ពុជាបានចែករំលែកប្រធានបទស្តីអំពី សហគមន៍ Google និងផលិតផលរបស់ Google ទៅកាន់អ្នកចូលរួម

សហគមន៍ Google នៅក្នុងប្រទេសកម្ពុជាបានចែករំលែកប្រធានបទស្តីអំពី សហគមន៍ Google និងផលិតផលរបស់ Google ទៅកាន់អ្នកចូលរួម

សកម្មភាព​ដែលបាន​ធ្វើ​ដោយ​សហគមន៍​ Google នៅ​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន​: ព្រឹត្តិការណ៍ Mapup , GBG Women ,  ព្រឹត្តិការណ៍ Google I/O Extended និងមានព្រឹត្តិការណ៍ជា​ច្រើន​ទៀត​។

ចាប់​ពី​ម៉ោង 6 ល្ងាច​ដល់​ម៉ោង 9 យប់​: នា​យប់​នោះ​អ្នក​ស្ម័គ្រ​ចិត្ត​ទាំង​អស់​ រួមទាំងវាគ្មិន​ និង​ដៃគូ​​ដែល​បាន​ឧបត្ថម្ភ​ព្រឹត្តិការណ៍​នេះ​ត្រូវ​បានគេ​អញ្ជើញ​ឱ្យ​ចូល​រួម​អាហារ​ពេល​ល្ងាច​នៅ Development Innovations។ ​បន្ទាប់​មក​អ្នកដែលបានចូលរួមនៅក្នុងអាហារពេលល្ងាចនោះ​បានបង្កើតកម្មវិធីផ្សេងៗយ៉ាង​សប្បាយ​រីក​រាយ​។

ព្រឹត្តិការណ៍បារ​ខែ​ម​​ភ្នំពេញ​ឆ្នាំ 2014 ជា​ចុង​ស​ប្តា​ហ៍​មួយ​ដ៏មានអត្ថប្រយោជន៍និងប្រកបដោយ ភាពស្វាហាប់ណាស់សម្រាប់​ខ្ញុំ​ ! ក្នុង​នាម​ខ្ញុំជាអ្នក​​ស្រឡាញ់​បច្ចេកវិទ្យា​ម្នាក់ ​ព្រឹត្តិការណ៍​ទាំង​នេះ​គឺ​តែងតែ​ជា​ឱកាស​ដ៏​ល្អមួយ​ក្នុង​ការ​ទទួល​បាន​នូវ​ចំណេះ​ដឹង​បន្ថែម​​អំពី​ប​ច្ចេ​ក​វិទ្យា​។ ស​ន្និ​សិ​ទ​​បច្ចេកវិទ្យា​នេះ​គឺ​ជាស​ន្និ​សិ​ទដ៏​ធំ​បំផុត​មួយ​ប្រចាំ​ឆ្នាំ​នេះ​ដែលមាន​ក្រុម​ហ៊ុន​ជា​ច្រើន​ធ្វើ​ជា​ម្ចាស់​ឧបត្ថម្ភ​​។ ជាចុងក្រោយ​ក៏សូមថ្លែងអំណរគុណ​ដល់​អ្នកស្ម័គ្រចិត្តបាខែមទាំង​អស់​ដែល​បាន​ជួយ​រៀបចំ​​ព្រឹត្តិការណ៍នេះបានយ៉ាងល្អ​ !

សូមមើល​សកម្មភាពដ៏​សប្បាយ​រីក​រាយរបស់ពួក​គេ​​ដូច​ខាង​ក្រោម ​: