ការសង្ខេបឡើងវិញនូវព្រឹត្តិការណ៍បារខែមបាត់ដំបងឆ្នាំ ២០១៦

កម្មវិធីបារខែមបាត់ដំបងឆ្នាំ ២០១៦ បានបញ្ចប់ទៅដោយការចូលរួមយ៉ាងច្រើនកុះករសំណាក់អ្នកចូលរួមជាង 600 នាក់ រួមជាមួយនិងវាគ្មិនជាច្រើនរូប ដោយមានទាំងការតាំងពិព័រណ៍និងសិក្ខាសាលា ។

ព្រឹត្តិការណ៍នេះត្រួវបានធ្វើឡើងកាលពីថ្ងៃទី 25 និងទី 26 ខែមិថុនាកន្លងទៅនេះ នៅសាកលវិទ្យាល័យបាត់ដំបង ដោយមានវាគ្មិនធ្វើបទបង្ហាញចំនួន 28 រូប និងមានការតាំងពិព័រណ៍ចំនួនប្រាំបួនស្តង់។ ជាមួយនិងបទបង្ហាញចំនួន 35 ប្រធានបទ រាប់ចាប់តាំងពីវិស័យធុរៈកិច្ច រហូតដល់គន្លឹះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម, អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះបានទទួលចំនេះដឹងយ៉ាងច្រើនពីប្រធានបទនានានៅក្នុងវិស័យបច្ចេកវិទ្យា វិស័យទេសចរណ៍ និង សហគ្រិនភាព។

អ្នកចូលរួមជាង 600 នាក់បានចូលរួមកម្មវិធីបារខែមបាត់ដំបង នៅសាកលវិទ្យាល័យបាត់ដំបង

បទបង្ហាញដែលមានប្រជាប្រិយភាពបំផុតនៅក្នុងព្រឹត្តិការណ៍នេះគឺ “ផែនការសម្រាប់ជីវិតនិងការសិក្សារបស់អ្នកជាមួយនិងក្តីសង្ឃឹម” ទទួលបានអ្នកចូលរួមចំនួន 70 នាក់។ បទបង្ហាញដ៏ពេញនិយមផ្សេងទៀតរួមមាន “ការស្វែងរកអាហារូបករណ៍: ពត័មាននៅលើប្រព័ន្ធអេឡិចត្រូនិកនិងការត្រៀមខ្លួន”, “ទំនាក់ទំនងសាធារណៈ” និង “របៀបដែលយុវជនអាចអភិវឌ្ឍន៍ជំនាញនៅយុគសម័យអ៊ីនធឺណិត” ដែលទទួលបានអ្នកចូលរួមប្រមាណពី 56 នាក់ ទៅ 65 នាក់នៅក្នុងប្រធានបទនីមួយ។ ប្រធានបទស្តីអំពី “ការចាប់ផ្តើមអាជីវកម្មដែលមានគំនិតច្នៃប្រឌិតនៅក្នុងប្រទេសកម្ពុជា” និង “ហានិភ័យទាំង 5 ដើម្បីពិចារណានៅពេលចាប់ផ្តើមអាជីវកម្មរបស់អ្នក ” សុទ្ធសឹងតែជាប្រធានបទដែលស្ថិតក្នុងចំណោមប្រធានបទដែលគួរអោយកត់សម្គាល់ផងដែរ។

អ្នកចូលរួមបានថតរូបជុំគ្នាជាមួយនិងអ្នកស្រី Sandra Stajka, នាយកបេសកកម្មរបស់ទីភ្នាក់ងារ USAID

អ្នកតាំងពិព័រណ៍មួយចំនួនក្នុងចំនោមអ្នកតាំងពិព័រណ៍ទាំងប្រាំបួននៅក្នុងព្រឹត្តិការណ៍នេះមានដូចជា ក្រុមហ៊ុនសែលកាត, BookMeBus, CamboTicket, ក្តារចុចខ្មែរនិយម, Khmer Academy, និង Open Development Cambodia។

កម្មវិធីបារខែមគឺជាព្រឹត្តិការណ៍សង្គមដែលទាក់ទងទៅនិងបច្ចេកវិទ្យាដែលត្រូវបានរៀបចំឡើងដោយ អង្គការសង្គមស៊ីវិល វិស័យរដ្ឋាភិបាល និងស្ថាប័នឯកជន។ សំរាប់ពត៌មានបន្ថែម សូមចូលទស្សនាគេហទំព័រ បារខែមកម្ពុជា ។