ក្រុមហ៊ុន Microsoft បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយក្រសួងអប់រំនៅកម្ពុជា

កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០១៦ កន្លងទៅនេះ ក្រុមហ៊ុន Microsoft បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយនិងក្រសួងអប់រំយុវជននិងកីឡា (អយក) ដើម្បីដាក់បញ្ចូលក្របខ័ណ្ឌកែប្រែវិស័យអប់រំ របស់ក្រុមហ៊ុន Microsoft ដែល​មាន​គោល​បំណងផ្តល់​នូវវិធីសាស្រ្ត​បង្រៀនបែបច្នៃប្រឌិតថ្មីនាសតវត្សទី 21 ដោយកែប្រែបទ​ពិសោធន៍​រៀន​របស់​សិស្ស​តាម​រយៈ​បច្ចេកវិទ្យា កម្មវិធី និងសេវានានា!

កិច្ចព្រមព្រៀងនេះគឺស្របជាមួយនឹងទស្សនៈវិស័យរបស់ ក្រសួងអប់រំយុវជននិងកីឡា សម្រាប់ឆ្នាំ 2020 ហើយវាបានផ្តោតលើអាទិភាពចំនួនបីដូចជា៖ កសាងសមត្ថភាពរបស់អ្នកដឹកនាំ និងអ្នកអប់រំ សម្រាប់ដំណើរការ​កែប្រែបែបឌីជីថល ការ​​គាំទ្រ​អ្នកអប់រំជាមួយនឹងកម្មវិធីសិក្សា និងឯកសារ​នានា​ដើម្បី​ផ្ទេរ​ជំនាញ​បច្ចេក​វិទ្យា​ដល់​សិស្ស​និស្សិត ​និង​ផ្តល់​លទ្ធភាពជ្រោមជ្រែងឲ្យគ្រឹះស្ថានអប់រំ​កាន់តែមានប្រសិទ្ធភាពតាមរយៈ​បច្ចេកវិទ្យា។

សម្រាប់យើងនៅ Geeks in Cambodia អនុស្សរណៈនៃការយោគយល់គ្នានេះពិតជាការអភិវឌ្ឍដ៏គួរឱ្យរំភើបមួយក្នុងការផ្តល់ឱ្យមនុស្សជំនាន់ក្រោយនៅក្នុងប្រទេសកម្ពុជាអោយទទួលបាននូវឱកាសក្នុងការត្រៀមខ្លួនរួចជាស្រេច និងទទួលបានការបំពាក់បំប៉នសម្រាប់យុគសម័យឌីជីថលនេះ!

តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ​ កម្មវិធីចំនួនបីនឹងត្រូវយកទៅសាកល្បងជាមួយសាលារៀន ដែល​បាន​ជ្រើស​រើស នៅ​ក្នុង​រាជធានី​ភ្នំពេញ នៅចន្លោះពីខែធ្នូ ឆ្នាំ 2016 ដល់ ខែមេសា ឆ្នាំ 2017 លើ​សកម្មភាពដូច​​តទៅ​​នេះ៖ ​កសាងសមត្ថភាពរបស់អ្នកអប់រំសម្រាប់កម្មវិធីកែប្រែនេះ ថ្នាក់រៀន​គំរូ និង​ការ​បង្រៀន​ជាមួយ​នឹង​បច្ចេកវិទ្យា។

បើនិយាយអំពីការសហការគ្នាវិញ អ្នកស្រី Rena Chai អគ្គនាយកផ្នែកទីផ្សារ  និងប្រតិបត្តិការសម្រាប់ទីផ្សារថ្មី​នៅ​តំបន់​អាស៊ីអាគ្នេយ៍​របស់​​ក្រុមហ៊ុន Microsoft បាននិយាយថា៖ “ការសហការរបស់យើងនៅថ្ងៃនេះជាមួយនឹងក្រសួងអប់រំ យុវជន និងកីឡា នឹង​ផ្តល់​ឲ្យគ្រូបង្រៀន និងអ្នកដឹកនាំការអប់រំទាំងអស់នូវឧបករណ៍ដ៏ត្រឹមត្រូវ និង​ការ​បណ្តុះ​បណ្តាល​ដែល​ចាំ​បាច់​​សម្រាប់បំពាក់បំប៉នសិស្សជាមួយនឹងជំនាញ STEM (វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា) ​ដែល​ជា​ជំនាញ​ចាំបាច់នៅក្នុង​បរិបទ​សេដ្ឋកិច្ច​សកល​ដែលពឹងផ្អែកលើ​បច្ចេក​វិទ្យា​កាន់តែ​ខ្លាំងឡើង”។

គំនិតផ្តួចផ្តើមជាច្រើនរបស់ក្រុមហ៊ុន Microsoft ក៏នឹងជួយគាំទ្រដល់ចក្ខុវិស័យសម្រាប់វិស័យអប់រំនៅកម្ពុជាផងដែរ។ គំនិតផ្តួចផ្តើមទាំងនេះមានដូចជាគម្រោង Microsoft នៅក្នុងវិស័យអប់រំ ដែលជា​ធន​ធាន​​ និង​ការ​អភិវឌ្ឍន៍​ជំនាញ​វិជ្ជាជីវៈ​សម្រាប់​គ្រូបង្រៀន កម្មវិធីអប់រំគំនិតច្នៃប្រឌិតរបស់ Microsoft (MIE)  សម្រាប់​អ្នក​អប់រំ​ទាំង​ឡាយ​ណា​ដែល​ប្តេជ្ញា​ចិត្តក្នុងការប្រើប្រាស់បច្ចេកវិទ្យានៅក្នុងថ្នាក់រៀន ប្រកបដោយប្រសិទ្ធភាពខ្ពស់ និង គម្រោង អក្ខរកម្ម​ឌីជីថល​របស់ Microsoft  ជាកម្មវិធីអប់រំតាមអ៊ីនធឺណិតមួយដែលណែនាំអ្នកសិក្សាជា​អ្នក​ថ្មី​ថ្មោង​នៅ​ក្នុង​បច្ចេកវិទ្យា​​ឲ្យ​ស្គាល់អំពីមូលដ្ឋានគ្រឹះនៃការប្រើប្រាស់កុំព្យូទ័រ និងបច្ចេកវិទ្យា។

ភាពពាក់ព័ន្ធនៃកម្មវិធីទាំងនេះត្រូវបានបានគេសង្កត់ធ្ងន់បន្ថែមទៀតនៅពេលដែលការវិភាគលើលទ្ធផលនៃការស្ទង់មតិលើ ការ​ជំរុញ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​វិស័យ​អប់រំ របស់ក្រុមហ៊ុន Microsoft  ត្រូវបានគេរាយការណ៍ថា អ្នកឆ្លើយតប 1 នាក់ក្នុង ចំនោម 3 នាក់ ជឿថា ជាមួយនឹង​កម្មវិធីសិក្សា​នៅសាលារៀន និងរបៀបរបប​បង្រៀនបច្ចុប្បន្ន​ ពួក​គេ​មិន​អាច​បំពាក់​បំប៉ន​សិស្ស​និស្សិត​​ជាមួយជំនាញ ដែលចំាបាច់ដើម្បីទទួលបានជោគជ័យ នៅ​កន្លែង​ការងារ​នា​ពេល​អនាគត​បាន​ឡើយ​​ ។

ជាមួយនិងការដាក់បញ្ចូលកម្មវិធីនេះ យើងសង្ឃឹមថាទិដ្ឋភាពនៃវិស័យអប់រំនៅកម្ពុជានឹងមានការវិវត្តជឿនលឿនជាលំដាប់ដើម្បីបំពាក់បំប៉នសិស្សនិស្សិតសម្រាប់យុគសម័យឌីជីថលនាពេលបច្ចុប្បន្ននេះ!

GIC ពិតជាមានការរំភើបខ្លាំងណាស់ក្នុងការឃើញមានការអភិវឌ្ឍន៍សំខាន់ៗនៅពេលដែលបច្ចេកវិទ្យាសម្រាប់ការអប់រំបានចូលមកដល់ប្រទេសកម្ពុជា ហើយយើងចង់ឃើញពីការរីកចម្រើននៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះដូចដែលអនុស្សរណៈនៃយោគយល់នេះបានចូលមកអនុវត្តនៅក្នុងប្រទេសកម្ពុជា។

សូមឧហ្សាហ៍តាមដានគេហទំព័ររបស់យើងសម្រាប់ពត៌មានថ្មីៗស្តីពីការអភិវឌ្ឍន៍បច្ចេកវិទ្យានៅក្នុងប្រទេសកម្ពុជា!