ដំណឹងថ្មីបំផុតនិងការយល់ដឹងពីអ្នកអភិវឌ្ឍន៍ហ្គេមកម្ពុជាពីអស្ចារ្យស្ទូឌីយោ

តើអ្នកបានចាំ​ទេ នៅពេល​ដែល​យើង​បាន​សរសេរអត្ថបទអំពី អស្ចារ្យស្ទូឌីយោ​ និងហ្គេម Asva ដ៏ល្បីល្បាញ​របស់​ពួក​គេ នៅ​ទីនេះ ? មែនហើយ ក្រុមការងារ Geeks in Cambodia ​ បានជួបសម្ភាសន៍ជាមួយនិងសហ​ស្ថាបនិក​ដើម្បី​ស្វែងយល់​បន្ថែម​អំពីស្ទូ​ឌី​យ៉ូ​​អភិវឌ្ឍន៍ហ្គេមជា​លើក​ដំបូងបង្អស់របស់កម្ពុជា​។ 

តើ​លោក​អាច​ណែនាំអំពីខ្លួន​លោកបានដែរឬទេ?

ឈ្មោះ​របស់ខ្ញុំ​គឺ​ ​អៀ​អ៊ុយ ​ប៉ុន្តែ​អ្នក​អាច​ហៅ​ខ្ញុំ​ថា Louis ក៏បានដែរ។ ខ្ញុំ​ជា​សហ​ស្ថាបនិក​និង​ជា​អ្នក​រចនា​​ហ្គេម​នៅ អស្ចារ្យស្ទូឌីយោ​ ដែលជាស្ទូឌីយោ​អភិវឌ្ឍន៍ហ្គេមជា​លើក​ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា​។ យើង​គ្រាន់​តែ​ផ្តោ​ត​ទៅ​លើ​ការ​អភិវឌ្ឍន៍​ហ្គេម​ទូរស័ព្ទតែប៉ុណ្ណោះ​។ តែឥឡូវ​នេះ​យើង​បានប្តូរឈ្មោះ​ទៅជា សប្បាយអស្ចារ្យ វិញ ​។

មកដល់ពេលនេះ តើ​មាន​ហ្គេមចំនួនប៉ុន្មានដែល​លោកបានចេញផ្សាយ ​?

រហូត​មក​ដល់​ពេល​នេះ ​យើង​បាន​ចេញ​ផ្សាយហ្គេមចំនួន 6  ហើយ។ ហ្គេម​ទី​មួយ​ត្រូវ​បាន​គេ​ហៅថា ដំណើរផ្សងព្រេង Santa, ប៉ុន្តែ​វា​គឺ​បានតែស្ថិតនៅ​ក្នុង​ដំណាក់​កាល​ដំបូង​តែប៉ុណ្ណោះ​។ យើង​គ្រាន់​តែ​ចង់​សាកល្បង​ថា​តើ​យើង​អាចបង្កើតហ្គេមមួយបានដែរឬអត់។ បន្ទាប់​មក​យើង​បានបង្កើតហ្គេម អាស្វា​ ដែលហ្គេម​នេះ​បាន​ក្លាយ​ជា​ហ្គេម​ដ៏​មាន​ប្រជាប្រិយភាព​បំផុត​របស់​យើង​។ ចាប់​តាំង​ពី​ដើម​រៀងមក យើង​បាន​ទទួលការទាញ​យក​ជាង 400,000 ​ ដង​ ហើយ​យើង​ក៏​បាន​បង្ហាញ​ហ្គេមនៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួតហ្គេម​និង​ទទួល​បាន​ពាន​រង្វាន់​មួយ​ចំនួន​សម្រាប់​ហ្គេមនេះផងដែរ​។

បន្ទាប់មក​យើង​មានហ្គេមចំនួនបី​ផ្សេង​ទៀត – ដែលក្នុងនោះមានដូចជាហ្គេម Ninja Impossible​, Haunted Hut និង Kravity។ ហ្គេមថ្មី​បំផុត​ដែល​យើង​ទើប​តែ​​ចេញ​ផ្សាយ​នៅ​ក្នុង​ខែ​មិថុនា​នោះគឺហ្គេម យក្សអរ ស្ករ​គ្រាប់​។

តើហ្គេម Yak Aww Candy គឺ​ជា​ហ្គេមអ្វី​? មកដល់ពេលនេះ តើហ្គេមនេះទទួលបានចំណាប់អារម្មណ៍យ៉ាងដូចម្តេចដែរ​?

ការទទួលបានការចាប់អារម្មណ៍​គឺពិត​ជា​ល្អ​ផង​ដែរ ​! ចាប់​តាំង​ពី​ពេល​ដែល​យើង​បាន​ចេញ​ផ្សាយ​ហ្គេមនេះនៅថ្ងៃ​ទី 2 ខែ​មិថុនាមក ​ យើង​ទទួលបានការទាញ​យកជាង 3000 ដង​ពី​ប្រទេស​កម្ពុជា​ដោយ​គ្រាន់​តែ​រយៈពេលបី​ស​ប្តា​ហ៍​តែប៉ុណ្ណោះ។ ឥឡូវហ្គេម​នេះ​គឺ​មាន​នៅ​តែក្នុងម៉ូត​សាកល្បង​បែតា​តែប៉ុណ្ណោះ​! វា​សម្រាប់​តែ​ទីផ្សារនៅក្នុងប្រទេស​កម្ពុជា​។

ហ្គេមនេះ​គឺ​ជា​ហ្គេម​ធម្មតា​មួយតែ​ប៉ុណ្ណោះ​។ នៅក្នុងហ្គេមនេះ អ្នកអាចលេងអោយទទួលបាន​ពិន្ទុ​ខ្ពស់​បំផុត​តាមដែល​អាច​ធ្វើទៅ​បាន​។ យើង​ក៏​មាន​កម្មវិធី​ប្រកួត​ប្រចាំ​ស​ប្តា​ហ៍​ដែល​​អ្នក​អាច​ប្រកួត​ប្រជែង​ជាមួយ​មិត្ត​ភក្តិ​របស់​អ្នក​ជា​មួយ​នឹង​ពិន្ទុ​ខ្ពស់​របស់​អ្នកបានផងដែរ​។

តើ​លោកបាន​ប្រឈមមុខ​នឹង​ការ​លំបាក​ណាមួយទេ​ខណៈ​ពេល​ដែល​លោក​បង្កើតហ្គេម​នេះ​?

ជា​ការពិត​ណាស់​ យើង​​បាន​ប្រឈម​មុខនឹង​ការ​លំបាក​ជា​ច្រើន​សម្រាប់​កិច្ចការ​មួយ​នេះ​។ដោយ​សារ​តែ​យើង​សរសេរ​កូដ​មុខងារ​ជា​ច្រើន​នៅ​​ខាងផ្នែក​សង្គម​ យើង​ក៏​ត្រូវ​ការ​បញ្ចូល​ម៉ាស៊ីន​បម្រើ​ផងដែរ ដែលនេះគឺជាអ្វី​ដែលពិតជាថ្មីសម្រាប់​យើង​។ កាល​ពី​លើក​មុនហ្គេមរបស់​យើង​ត្រូវ​បាន​បង្ហោះ​នៅ​លើ​ម៉ាស៊ីន​បម្រើ​​ចល័ត​ ដូច្នេះ​យើង​ពិត​ជា​មិន​ត្រូវ​ការ​រក្សា​ទុក​អ្វី​ទាំងអស់​។

សម្រាប់​ហ្គេម យក្សអរស្ករ​គ្រាប់​ អ្នក​អាច​ធ្វើ​សម​កាល​កម្ម​វាដើម្បីមើល​ពិន្ទុ​មិត្ត​ភក្តិ​របស់​អ្នកជាដើម​។ បន្ទាប់​ពី​ការ​ចេញ​ផ្សាយ​នេះ ​យើង​នៅ​តែ​ត្រូវ​បាន​​ធ្វើការ​នៅ​លើ​វា​ជាច្រើន​ដើម្បី​កែលម្អ​អ្វី​មួយ​។ យើងបាន​ខិតខំ​ប្រឹងប្រែង​ជាច្រើន ដូច្នេះ​វា​មើល​ទៅដូចជាល្អ​ហើយឥឡូវ​នេះ​។ នាពេលថ្មីៗនេះយើង​ក៏​ទើបតែចេញ​ផ្សាយនូវកំណែថ្មី​ផងដែរ​​។

តើហ្គេមនេះអាច​ប្រើ​ប្រាស់បាន​ទាំង​​នៅ​លើ​ប្រព័ន្ធ​ប្រតិបត្តិការ Android និង iOS ដែរឬទេ​?

បច្ចុប្បន្ន​ហ្គេមនេះគឺអាចប្រើប្រាស់បាន​សម្រាប់​តែ​ប្រព័ន្ធ​ប្រតិបត្តិការ Android តែប៉ុណ្ណោះ ​ប៉ុន្តែ​យើង​កំពុង​រៀប​ចំ​គំរោងសម្រាប់​កំណែ​ប្រព័ន្ធ​ប្រតិបត្តិការ iOS ដែលនឹង​ចេញ​ផ្សាយនៅ​ខែ​ក្រោយ​​។

តើលោកអាច​បញ្ជាក់​លម្អិត​បន្ថែម​ទៀតបានទេនៅ​លើ​ភាព​ជា​ដៃគូ​ថ្មី​របស់​លោក​ជាមួយនិងក្រុមហ៊ុន Sabay​?

យើង​ទើបតែ​ទទួល​បាន​ការ​វិនិយោគ​ពី​ក្រុម​ហ៊ុន Sabay Digital Corporation  កាលពីខែ​មេសា​។ យើង​នៅតែ​ជាស្ទូឌីយោ​អភិវឌ្ឍន៍ហ្គេមឯករាជ្យ ​តែ​ឥឡូវ​នេះ​យើង​កំពុង​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនិងក្រុមហ៊ុន Sabay Digital Corp (អ្នកផ្សព្វផ្សាយ​)។ យើង​ទើបតែ​ចុះ​ឈ្មោះ​ជា​ឈ្មោះ​ថ្មី​ថា Sabay Osja។ វា​មិន​ត្រូវ​បាន​ទាមទារ​ដោយផ្នែក​ច្បាប់ទេ ​ប៉ុន្តែ​យើង​បានយល់​ឃើញ​ថា​ឈ្មោះ​ថ្មីនេះស្តាប់មើលទៅ​កាន់តែចាប់​អារម្មណ៍​។​ (សើច​) ពាក្យ “Sabay” មានន័យ​ថា ​សប្បាយ​ ​ខណៈ​ដែលពាក្យ​ “Osja” មាន​ន័យ​ថា​ អស្ចារ្យ ​ដូច្នេះ​វា​មាន​ន័យ​ថា ​សប្បាយ​រីករាយ​មែន​ទែន​។ (សើច​)

ក្រុមហ៊ុន Sabay គឺជាក្រុមហ៊ុន​ផ្សព្វ​ផ្សាយ​ក្នុង​ស្រុក​មួយ ហើយ​យើង​គឺជាអ្នកអភិវឌ្ឍន៍​ក្នុង​តំបន់​។ ដូច្នេះ​វា​ជា​ឯកសិទ្ធិ​សម្រាប់​ពួក​យើង​។ ប៉ុន្តែ​បើទោះបីជានៅក្នុងភាព​ជា​ដៃគូក៏ដោយ ​យើង​នៅ​តែ​រៀបចំ​អ្វីៗ​គ្រប់​យ៉ាង​នៅ​លើ​ផ្ទាល់​ខ្លួន​របស់​យើង​ដូចជា​ពេលមុនៗដែរ​។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​បាន​ចេញ​ផ្សាយ​ហ្គេមនេះ ក្រុមហ៊ុន Sabay នឹង​ជួយ​ជំរុញ​អោយហ្គេមនេះ​ឆ្ពោះ​ទៅ​កាន់ទីផ្សារ​ក្នុង​ស្រុក​។ បច្ចុប្បន្ន​នេះ​យើង​បាន​រួម​បញ្ចូល​ការ​បង់​ប្រាក់​របស់​យើង​រួច​ទៅ​ហើយ​ជាមួយនិងក្រុមហ៊ុន Sabay ។ ដូច្នេះអ្នកប្រើប្រាស់​អាចទិញជាលក្ខណៈ​  in-app purchases សម្រាប់​ហ្គេមរបស់​យើង​តាម​រយៈ​វេ​ប​សាយ​របស់​ក្រុម​ហ៊ុន Sabay ។ ហើយ​ប្រព័ន្ធ​ទូទាត់​របស់​ពួក​គេ​គឺមាន​រួចជាស្រេចទៅ​ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

តើ​លោកមាន​ហ្គេមថ្មី​ណា​មួយ​ផ្សេងទៀតទេដែល​លោក​កំពុង​គិត​ថានឹងអភិវឌ្ឍ​ន៍សម្រាប់​ថ្ងៃ​អនាគត​?

បច្ចុប្បន្ន​នេះ​យើង​កំពុង​តែធ្វើការ​លើ​ហ្គេមចំនួន​ពីរ​។ យើង​គ្រោង​នឹង​ចេញផ្សាយហ្គេមទាំងនេះនៅក្នុង​រយៈ​ពេល​ពី​បី​ទៅ​ប្រាំ​ខែទៀត​។ ហ្គេមទាំង​នេះ​នឹងទទួលបានអ្នកប្រើប្រាស់​កម្ពុជា​បន្ថែមទៀតហើយ​គឺ​ជាហ្គេម​ដ៏គួរជាទី​ពេញចិត្ត​សំរាប់​ពួក​គេ​។ សំរាប់ព​ត៌​មាន​លំអិតយើង​នឹង​លាតត្រដាងនៅពេល​ក្រោយ​។

តើ​អ្វី​ជា​ផែន​ការ​នាពេលអនាគត​របស់​លោក​សម្រាប់ Osja នេះ​?

ខ្ញុំ​គិត​ថា​សម្រាប់​យើង ​យើង​ចង់​អោយហ្គេមមួយចំនួនចូល​ទៅ​ក្នុងប្រភេទហ្គេម​អប់រំ​។ បច្ចុប្បន្ន​នេះ​យើង​កំពុង​ផ្តោ​ត​សំខាន់​លើ​ហ្គេម​ធម្មតា​ក៏​ដូច​ជា​ហ្គេមដែលសាកសម​សម្រាប់​អ្នកនៅក្នុង​ស្រុក​មុនគេ​។ ហើយ​បន្ទាប់​មក​យើង​នឹង​ពង្រីកទៅ​កាន់​ទីផ្សារ​អន្តរជាតិ​។

តើ​លោក​មាន​ដំបូន្មាន​សម្រាប់​អ្នកចាប់ផ្ដើម​អាជីវកម្មថ្មីឬ​សហគ្រិន​វ័យក្មេង​កម្ពុជា​ដែលលោក​អាច​ផ្ដល់​អោយបានដែរ​ឬ​ទេ​?

ដំបូន្មាន​របស់​ខ្ញុំ​នោះគឺការធ្វើ​អ្វី​មួយ​ដែល​អ្នក​ស្រឡាញ់​ ​ឬ​អ្វីដែលមាន​ប្រយោជន៍​ដល់​សាធារណៈ​ជន​ ដោយមិន​មែន​​គ្រាន់​តែ​ធ្វើ​ឬ​បង្កើត​អ្វី​ដែលត្រូវ​បាន​គេ​ធ្វើ​រួច​ទៅ​ហើយ​នោះឡើយ។

//

សូមចូលទស្សនា​គេហទំព័រ​ជាផ្លូវការ​របស់​ពួកគេ នៅ​ទីនេះ ។ ម្យ៉ាងវិញទៀត​ អ្នកអាចទាញ​យកហ្គេម ​Yak Aww Candy ​នៅ​លើ​ Google Play នៅ​ទីនេះ ​!