បទសម្ភាសន៍: Snapyshop ទីផ្សារនៅលើបណ្តាញអ៊ីនធើណេត
ប្រសិនបើអ្នកមានសម្លៀកបំពាក់ឬវត្ថុណាមួយដែលអ្នកចង់លក់ឬក៏អ្នកគឺជាអ្នកជំនួញម្នាក់ដែលចង់ពង្រីកបណ្តាញនោះ អ្នកប្រហែលជាចង់អាននៅលើអត្ថបទនេះហើយ។ Geeks នៅក្នុងប្រទេសកម្ពុជាបានសំភាសន៍ជាមួយនឹងក្រុមដែលនៅពីក្រោយ SnapyShop នេះដែលជាគម្រោងមួយនៅក្នុងព្រឹត្តិការណ៍ Startup Weekend ដែលអាចប្រែក្លាយទៅជាអាជីវកម្មមួយដ៏មានតម្លៃ។ សូមស្វែងយល់អំពីរបៀបដែលអាជីវកម្មរបស់ពួកគេដំណើរការ មូលហេតុដែលពួកគេធ្វើវា និងដំបូន្មានមួយចំនួននៅលើការចាប់ផ្ដើមអាជីវកម្មថ្មីនៅក្នុងអត្ថបទសំភាសន៍នេះ
//
(កិច្ចសំភាសន៍នេះត្រូវបានកែសម្រួលសម្រាប់ភាពច្បាស់លាស់)
តើអ្នកអាចណែនាំអំពីខ្លួនអ្នកបានទេ?
ចំណាប់: ខ្ញុំជាអ្នកជំនាញកម្មវិធី។
មុនី: ខ្ញុំជាអ្នករចនា ហើយខ្ញុំទទួលបន្ទុកខាងផ្នែក UX/UI។ ខ្ញុំធ្វើអោយប្រាកដថាអ្នកប្រើប្រាស់យល់ឃើញថាវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ផលិតផលរបស់យើង ហើយមើលទៅមានលក្ខណៈល្អ។
សុខឡី: ខ្ញុំជាអ្នកជំនួញម្នាក់ទទួលបន្ទុកខាងផ្នែក ទីផ្សារ ហិរញ្ញវត្ថុ ការលក់ និង ប្រតិបត្ដិការធនធានមនុស្ស។
វលក្ខណ៍: ខ្ញុំជាអ្នកអភិវឌ្ឍន៍កម្មវិធី។
សារ៉ាត់: ខ្ញុំជាអ្នកទទួលបន្ទុកខាងការអភិវឌ្ឍន៍ផ្នែកខាងមុខហើយខ្ញុំបានធ្វើការជាមួយនឹងទីផ្សារ។
តើ SnapyShop គឺជាអ្វី?
វលក្ខណ៍: SnapyShop គឺជាទីផ្សារនៅលើបណ្តាញអ៊ីនធើណេតមួយ ដែលជាកន្លែងដែលអ្នកប្រើប្រាស់អាចស្វែងរកផលិតផលជាច្រើនមកពីបុគ្គលផ្សេងៗគ្នានិងឈ្មួញនានា។ វាអនុញ្ញាតអោយអ្នកទិញនិងអ្នកលក់មានទំនាក់ទំនងគ្នា។
សុខឡី: អ្នកលក់អាចចុះឈ្មោះនិងបង្កើតហាងផ្ទាល់ខ្លួនរបស់ពួកគេលើបណ្តាញ អាប់ឡូតរូបភាពតាមរយៈកម្មវិធីទូរស័ព្ទដៃរបស់យើងហើយបន្ទាប់មករាយនាមផលិតផលរបស់ពួកគេនៅលើ SnapyShop ។ មកដល់ពេលឥឡូវនេះយើងមានអ្នកប្រើប្រាស់ប្រហែល 400 នាក់។
ហេតុអ្វីបានជាអ្នកសម្រេចចិត្តថានឹងចាប់ផ្តើម Snapyshop នេះ ? តើវាត្រូវបានបង្កើតឡើងនៅពេលណា ?
សុខឡី: SnapyShop ត្រូវបានបង្កើតឡើងកាលពីខែវិច្ឆិកាឆ្នាំមុន។ យើងបានរកឃើញថាពុំទាន់មាន e-commerce ឬផ្សារទំនើបណាមួយបានបំពេញទៅតាមតម្រូវការរបស់ប្រជាជននោះឡើយ។ មានមនុស្សជាច្រើនបានត្អូញត្អែរថាទីផ្សារអនឡាញដែលមានស្រាប់គឺមិនងាយស្រួលប្រើឡើយ។ ជាមួយនឹង សហគ្រាសខ្នាតតូចនិងមធ្យមចំនួន 500.000 នៅក្នុងប្រទេសកម្ពុជា មានតែ 34% តែប៉ុននោះត្រូវបានចុះបញ្ជីនៅក្នុងក្រសួងពាណិជ្ជកម្ម។ បើតាមការស្រាវជ្រាវរបស់យើង យើងបានរកឃើញថា ពួកគេភាគច្រើនមិនមានគំនិតអ្វីអំពីរបៀបធ្វើការនៅលើទីផ្សារឌីជីថលនិងដើម្បីបង្កើនការយល់ដឹងផលិតផលរបស់ពួកគេនៅលើបណ្តាញឡើយ។ មានមនុស្សជាច្រើនចង់រកវេទិកាដ៏សាមញ្ញមួយដើម្បីរាយនាមផលិតផលរបស់ពួកគេ ប៉ុន្តែពួកគេមិនមានចំណេះដឹងអំពីរបៀបដើម្បីធ្វើវានោះទេ។ យើងចង់ជួយសហគ្រាសខ្នាតតូចនិងមធ្យមទាំងនោះអោយរីកចំរើននិងក៏ដូចជាបំពេញចន្លោះនៅក្នុងទីផ្សារផងដែរ។
តើអ្នកប្រើប្រាស់អាចបង់ប្រាក់សំរាប់មុខទំនិញនោះដោយរបៀបណា?
វលក្ខណ៍: នៅក្នុងពេលអនាគតយើងចង់រួមបញ្ចូលវិធីសាស្រ្តការទូទាត់ដូចជា PayPal និង វីង។ ប៉ុន្តែឥឡូវនេះយើងចង់ធ្វើអោយមានភាពប្រសើរឡើងជាមុនសិន។ ពួកគេអាចបង់ជាសាច់ប្រាក់តាមរយៈការចែកចាយមកដល់ទីកន្លែង។
ចំណាប់: ប្រសិនបើអ្នកទិញបានបង្ហាញពីការចាប់អារម្មណ៍ចំពោះទំនិញនោះ ពួកគេអាចជជែកជាមួយអ្នកលក់ដើម្បីចរចាតំលៃ។
វលក្ខណ៍: លក្ខណៈពិសេសនេះគឺមានសារៈសំខាន់ណាស់ខណៈដែលហាងលក់ទំនិញនៅលើបណ្តាញជាច្រើនគ្រាន់តែប្រកាសពីគោលបំណងរបស់ខ្លួនក្នុងការលក់នៅលើ Instagram ឬ Facebook ។ បន្ទាប់ពីនោះមកពួកគេត្រូវបានចូលទៅកាន់វេទិកាមួយផ្សេងទៀតដើម្បីដោះស្រាយលើការបង់ប្រាក់ដែលបណ្តាលអោយអ្នកទិញមានអារម្មណ៍ថាដាច់ឆ្ងាយយ៉ាងខ្លាំងពីអ្នកលក់។
ជាមួយនឹងប្រព័ន្ធ e-commerce កាន់តែច្រើនដែលនឹងចូលមកដល់ តើអ្នកនៅតែស្ថិតក្នុងការប្រកួតប្រជែងនៅក្នុងទីផ្សារនេះដោយរបៀបណា?
សុខឡី: យើងតែងតែព្យាយាមជានិច្ចដើម្បីធ្វើអោយប្រព័ន្ធរបស់យើងមានភាពប្រសើរឡើង ហើយយើងមានចំនុចផ្ទាល់ខ្លួនរបស់យើងតែមួយគត់ ។
ចំណាប់: យើងមានលក្ខណៈពិសេសតែមួយគត់សម្រាប់ម្ចាស់ហាងអេឡិចត្រូនិកដែលអនុញ្ញាតអោយពួកគេដើម្បីបើកដំណើរការគេហទំព័រផ្ទាល់របស់ខ្លួននិងប្រើប្រាស់វេទិកា SnapyShop ក្នុងការលក់ផលិតផលរបស់ខ្លួន។
តើអ្វីជាឧបសគ្គដែលអ្នកបានជួបប្រទះនៅពេលដែលអភិវឌ្ឍន៍ Snapyshop នេះ ?
ចំណាប់: យើងបានចាប់ផ្តើម SnapyShop នេះជាមួយនិងភាសាអង់គ្លេស ហើយពួកគេមិនបានដឹងថាយើងជាអាជីវកម្មក្នុងស្រុកឡើយ។ ពួកគេបានគិតថាយើងមកពីបរទេស។ ចំពោះពួកគេ វាជាការលំបាកណាស់ក្នុងការយល់ពីអ្វីដែល SnapyShop នេះចង់មានន័យយ៉ាងណា។ ឥឡូវនេះយើងកំពុងដោះស្រាយបញ្ហានេះដោយបកប្រែអ្វីៗគ្រប់យ៉ាងទៅជាភាសាខ្មែរដែលធ្វើអោយវាមានភាពងាយស្រួលសម្រាប់ប្រជាជនអោយយល់។
សុខឡី: រហូតមកដល់ពេលនេះ យើងបានទទួលយោបល់ត្រឡប់ពីអ្នកប្រើប្រាស់ ដូច្នេះយើងព្យាយាមជួសជុលវានិងកែលម្អ SnapyShop ដើម្បីធ្វើអោយពួកគេស៊ាំជាមួយនិងប្រព័ន្ធនេះ។
តើអ្នកគិតថា Snapyshop នឹងធ្វើអោយមានការផ្លាស់ប្តូរពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសកម្ពុជាបានដោយរបៀបណាដែរ?
សុខឡី: ជាធម្មតាប្រព័ន្ធ e-commerce មានផលប្រយោជន៍ជាច្រើន។ អ្នកអាចសន្សំសំចៃពេលវេលា ប្រាក់កាស បង្កើនភាពងាយស្រួល។ អ្នកអាចស្វែងរកអ្វីបានកាន់តែច្រើនបានយ៉ាងងាយស្រួលនិងកាន់តែមានផលិតភាព។ វាជួយអោយអាជីវកម្មរបស់អ្នកជំនួញបានទទួលជោគជ័យផងដែរ។ យើងមានគម្រោងដើម្បីភ្ជាប់ផលិតកម្មក្នុងស្រុកទៅកាន់ទីផ្សារក្រៅប្រទេសដែលនឹងបើកច្រកបន្ថែមទៀតសម្រាប់ឈ្មួញនៅទីនេះ។
ចំណាប់: SnapyShop ក៏អនុញ្ញាតអោយបុគ្គលម្នាក់ៗដើម្បីលក់ទំនិញដែលពួកគេមិនចង់បានទៅកាន់គ្នាទៅវិញទៅមកផងដែរ។ វាមានលក្ខណៈលឿននិងសាមញ្ញ។
តើអ្វីជាផែនការនាពេលអនាគតរបស់អ្នកសម្រាប់ Snapyshop ?
សុខឡី: ចក្ខុវិស័យរបស់យើងគឺដើម្បីផ្តល់ជូននូវសេវាកម្មដ៏ល្អបំផុតសម្រាប់ហាងលក់និងអ្នកទិញ។ យើងមានអារម្មណ៍ថាមានទំនុកចិត្តដូចដែលយើងមានក្រុមដ៏ខ្លាំងហើយយើងកំពុងធ្វើការស្រាវជ្រាវទីផ្សារជាច្រើននៅលើលក្ខណៈពិសេសថ្មីៗក៏ដូចជាដៃគូប្រកួតប្រជែងរបស់យើងផងដែរ។ នៅក្នុងវិស័យ e-commerce វាត្រូវការចំណាយប្រតិបត្ដិការជាច្រើនដើម្បីអប់រំប្រជាជនដើម្បីអោយពួកគេស៊ាំជាមួយប្រព័ន្ធនេះ។ យើងមានបំណងដើម្បីរៀនពីអ្នកប្រឡូកដ៏ធំមួយដែលបានចូលទៅក្នុងទីផ្សារ។
តើអ្នកមានដំបូន្មានអ្វីខ្លះសំរាប់ស្ថាបនិកដែលមានបំណងចង់ចាប់ផ្ដើមអាជីវកម្ម ?
វលក្ខណ៍: ប្រសិនបើពួកគេពិតជាចង់ចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ពួកគេត្រូវតែគិតទៅដល់អ្វីដែលជាជំនាញដ៏ល្អបំផុតរបស់ខ្លួន។
មុនី : នៅពេលដែលអ្នកចង់ចាប់ផ្ដើមអាជីវកម្មមួយ អ្នកត្រូវតែយល់យ៉ាងច្បាស់នូវអ្វីដែលជាគោលបំណងរបស់អ្នក។ យល់ពីទីផ្សារក្នុងស្រុកនិងស្វែងរកអ្វីដែលពួកគេត្រូវការ។ ចំពោះយើង យើងបានរកឃើញថាមនុស្សចង់ប្រើប្រាស់ទូរស័ព្ទដៃរបស់ពួកគេដើម្បីរកមើលនៅលើកម្មវិធី។ យើងបានយល់ពីតម្រូវការទីផ្សារនេះ ហើយយើងបានបំពេញគម្លាតនេះ។
សុខឡី: ចាប់ពីទស្សនៈអាជីវកម្មនេះ អ្នកគួរតែព្យាយាមដើម្បីដោះស្រាយបញ្ហាដែលមានស្រាប់នៅក្នុងសង្គមដើម្បីស្វែងរកដំណោះស្រាយដ៏ល្អ។ អ្នកត្រូវតែធ្វើការស្រាវជ្រាវទីផ្សារដើម្បីយល់ថាតើនេះគឺជាវិស័យដ៏ល្អដើម្បីធ្វើការចាប់ផ្ដើមអាជីវកម្មមួយនេះដែរឬទេ។ ប្រសិនបើអ្នកជ្រើសរើសវិស័យខុសនោះវាអាចចំណាយពេលវេលាយ៉ាងច្រើនដោយសារតែកង្វះខាតតម្រូវការបែបនេះ។
បន្ទាប់មកអ្នកត្រូវស្វែងរកក្រុមដែលមានសមត្ថភាពខ្លាំង។ ខ្លួនអ្នកផ្ទាល់ត្រូវតែកាន់ការគ្រប់គ្រង ភាពជាអ្នកដឹកនាំនិងជំនាញរវាងបុគ្គល។ សូមចងចាំថា ក្រុមរបស់អ្នកគឺជាទ្រព្យដ៏សំខាន់បំផុត ជាពិសេសនៅក្នុងវិស័យបច្ចេកវិទ្យានេះ។
នៅក្នុងអាជីវកម្មមួយ អ្នកត្រូវតែប្តេជ្ញាចិត្តយ៉ាងខ្លាំងហើយអ្នកត្រូវតែលះបង់ពេលវេលាជាច្រើនក្នុងគោលបំណងដើម្បីផ្តោតទៅលើវា។
ចំណាប់: អ្នកត្រូវតែធានាថាក្រុមនេះធ្វើការបានយ៉ាងល្អជាមួយនិងគំនិតនីមួយៗ។ ដាក់ការស្រាវជ្រាវជាច្រើនចូលទៅក្នុងគំនិតរបស់អ្នកនិងធ្វើអោយប្រាកដថាវាមានលទ្ធភាពដែលនិងអាចធ្វើការបាន។
សារ៉ាត់: អ្នកគួរតែបង្កើតអ្វីដែលប្រជាជនចង់បាន។ ចំនាយពេលវេលានិងកិច្ចខិតខំប្រឹងប្រែងដើម្បីស្វែងយល់នូវអ្វីដែលមនុស្សត្រូវការ ស្វែងរកក្រុមណាដែលមានចំណង់ចំណូលចិត្តដូចគ្នានិងមានទិសដៅដូចអ្នក។
តើអ្នកមានពាក្យអ្វីចុងក្រោយទេ?
សុខឡី: យើងចង់ឱ្យអ្នករាល់គ្នាដឹងថា យើងនឹងព្យាយាមអោយបានល្អបំផុតដើម្បីបម្រើអតិថិជនរបស់យើងអោយបានល្អ។ យើងចង់អោយមានភាពទំនើបមួយ និងជួយប្រជាជនដើម្បីធ្វើអាជីវកម្មរបស់ពួកគេអោយកាន់តែងាយស្រួលនិងមានជីវិតរស់នៅអោយកាន់តែល្អប្រសើរជាងមុន។
សូមអរគុណ!
ចង់សាកល្បង SnapyShop ដែរឬទេ? លោកអ្នកគ្រាន់តែចូលទៅកាន់គេហៈទំព័រ SnapyShop.com ឥឡូវនេះ !