សិក្ខាសាលាស្តីពីការបង្កើតអាស័យដ្ឋាននៅលើអ៊ីនធឺណែតជាភាសាខែ្មរ

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៥ កន្លងទៅនេះ នៅទីស្តីការក្រសួង ដោយមានកិច្ចសហប្រតិបត្តិការជាមួយអង្គការ ICANN (The Internet Corporation for Assigned Names and Numbers) ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ​បានរៀបចំ​សិក្ខាសាលា​ស្តីពីការបង្តើតអាស័យដ្ឋានលើអ៊ីនធឺណែតជាភាសាខែ្មរដែលមាន​​​​រយៈពេលពីរ​ថ្ញៃ ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត សេង សុភាព ប្រធានវិទ្យាស្ថានជាតិប្រៃសណីយ៍ ទូរគមនាគមន៍ បច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មាន។

សិក្ខាសាលានេះ ត្រូវបានអញ្ញើញចូលរួមដោយ អ្នកជំនាញភាសាខ្មែរ អ្នកជំនាញអក្សរខ្មែរក្នុងប្រព័ន្ធកុំព្យូទ័រ (Unicode) អ្នកស្រាវជ្រាវ អ្នកធ្វើគោលនយោបាយលើវិស័យបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន អ្នកគ្រប់គ្រងការចុះបញ្ជីអាស័យដ្ឋានលើអ៊ីនធឺណែតនៅកម្ពុជា​ និងវាគ្មិនលោកបណ្ឌិត Samad Hussain ប្រធានផែ្នកជាន់ខ្ពស់គម្រោងបង្កើតអាស័យដ្ឋានលើអ៊ីនធឺណែតជាភាសាសាកល (Internationalized Domain Name) របស់អង្គការ ICANN។

លោក ស៊ុន រ៉ាពីដ ជាប្រធាន​មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិវឌ្ឍន៍ នៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ​​បានរៀបរាប់ពីអត្ថប្រយោជន៍នៃការបង្កើតអាស័យដ្ឋានលើអ៊ីនធឺណែតជាភាសាខែ្មរមានដូចជា៖

១)លើកកម្ពស់ការប្រើប្រាស់ភាសាខ្មែរលើប្រព័ន្ធកុំព្យូទ័រអោយកាន់តែទូលំទូលាយជាពិសេសសម្រាប់អ្នកមិនចេះភាសាបរទេស ឬប្រជាជននៅតាមជនបទ

២) មានអាស័យដ្ឋានលើអ៊ីនធឺណែតជាភាសាខ្មែរ ដែលមានលក្ខណៈស្តង់ដាអន្តរជាតិ ឧទាហរណ៍ គេហទំព័រជាភាសាខ្មែរឈ្មោះ ប្រៃសណីយ៍.ខ្មែរ ឬចុចលើវីដេអូ https://youtu.be/wnauGpYh96c

៣) ជំរុញនិងលើកទឹកចិត្តស្ថាប័ននានាអោយប្រើប្រាស់អាស័យដ្ឋានលើអ៊ីនធឺណែតជាភាសាខ្មែរ

៤)ផ្តល់ភាពសម្បូរបែបដល់ជ្រើសរើសអាស័យដ្ឋានលើអ៊ីនធឺណែត និង

៥)ផ្តល់ឳកាសដល់ការធ្វើសេវាកម្មផ្សេងៗតាមបណ្តាញដូចជា ការទិញលក់ទំនិញលើអ៊ីនធឺណែត។

បន្ទាប់ពីបញ្ចប់នៃសិក្ខាសាលា លោកស៊ុន រ៉ាពីដ បានបញ្ចាក់បន្ថែមថា ក្រុមការងារលើគម្រោងបង្កើតអាស័យដ្ឋានលើអ៊ីនធឺណែតជាភាសាខែ្មរ នឹងគ្រោងចំណាយពេលរយៈពេល៧ខែ ដើម្បីសិក្សានិងកំណត់វិធានតួអក្សរជាភាសាខ្មែរ មុននឹងបញ្ចូនទៅកាន់អង្គការ ICANN អនុម័តជាផ្លូវការ បន្ទាប់ពីនោះអ្នកបង្កើតគេហទំព័រនានា និងអ្នកប្រើប្រាស់អ៊ីនធឺណែតអាចស្នើសុំប្រើប្រាស់នូវអាស័យដ្ឋានលើអ៊ីនធឺណែតជាភាសាខែ្មរបានហើយ។