ការសង្ខេបឡើងវិញស្តីពីកម្មវិធី Hackathon #SVToPP ដើម្បីភ្ជាប់តំបន់ Silicon Valley មកកាន់រាជធានីភ្នំពេញ

កម្មវិធី Hackathon #SVToPP ដែលជាព្រឹត្តិការណ៍ដំបូងមួយដើម្បីតភ្ជាប់រាជធានីភ្នំពេញទៅនិងតំបន់ Silicon Valley ត្រូវបានគេឃើញមានយុវជននៅក្នុងប្រទេសកម្ពុជាចូលរួមយ៉ាងច្រើនកុះករដើម្បីបង្កើតដំណោះស្រាយបច្ចេកវិទ្យា។

កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីថ្ងៃ 26-27 ខែវិច្ឆិកាកន្លងទៅនេះ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្តដោយមានក្រុមចំនួន 10 ដែលមានសមាជិកពី 3-5 នាក់បានចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។ អ្វីដែលបានធ្វើអោយព្រឹត្តិការណ៍នេះខុសប្លែកពីព្រឹត្តិការណ៍ដទៃទៀតនោះគឺថា សមាសភាគនៃអ្នកចូលរួមគឺមានចាប់តាំងពីក្មេងវ័យ​ជំទង់រហូតដល់យុវវ័យដែលមានវ័យខ្ទង់ម្ភៃឆ្នាំ!

ចំពោះយើងជា Geeks នៅក្នុងប្រទេសកម្ពុជា យើងយល់ឃើញថាកម្មវិធីនេះពិតជាមានការលើកទឹកចិត្តដ៏ខ្លាំងក្លាចំពោះយុវជននៅក្នុងប្រទេសកម្ពុជាអោយបោះជំហានទៅមុខក្នុងការទទួលយកគំនិតផ្តួចផ្តើមនៃការប្រើប្រាស់បច្ចេកវិទ្យាក្នុងការបង្កើតដំណោះស្រាយជាក់ស្តែងសម្រាប់ពិភពលោក។

នៅក្នុងព្រឹត្តិការណ៍នោះ អ្នកណែនាំមកពីតំបន់ Silicon Valley បានទំនាក់ទំនងដោយផ្ទាល់តាមរយៈកម្មវិធី Skype ដើម្បីផ្តល់ជូនពួកគេនូវដំបូន្មាននិងគន្លឹះដ៏មានតម្លៃ ដូចដែលពួកគេត្រូវចាប់ផ្តើមអភិវឌ្ឍន៍គម្រោងរបស់ខ្លួន។ ក្រោយពីទទួលបានដំបូន្មានពីអ្នកណែនាំនៅតំបន់ Silicon Valley រួចមក សមាជិកអង្គការ  Cambodians in Tech  (CiT) ក៏បានជួយចង្អុលបង្ហាញដល់ក្រុមនីមួយៗផងដែរ។ សមាជិកក្រុម CiT ដែលបានចូលរួមនៅក្នុងកម្មវិធីនេះមានដូចជា វ៉ោ សុខា (មកពីសិង្ហបុរី) ព្រមទាំង Daphnee Lucenet (មកតំបន់ Silicon Valley), ឃុត សម្ផស្ស (មកពីទីក្រុង Seattle) និង ម៉ៅ សុផាលីន (មកពីសិង្ហបុរី) ដោយពួកគេបានរួមចំនែកក្នុងការធ្វើជាសមាជិកនៃគណៈកម្មការនៅក្នុងកម្មវិធីនេះ។

បន្ទាប់ពីកម្មវិធីបានតំណើរការអស់រយៈពេលពីរថ្ងៃមក ក្រុមនីមួយៗត្រូវបានគេតម្រូវឱ្យធ្វើបទបង្ហាញស្តីគំនិតរបស់ពួកគេទៅកាន់គណៈកម្មការ។ ក្រុមនីមួយៗនឹងមានឱកាសក្នុងការឈ្នះកញ្ចប់រង្វាន់ដ៏គួរឱ្យទាក់ទាញរួមមាន ការចុះផ្សាយនៅលើសារពត៌មាន សាច់ប្រាក់ និងឱកាសក្នុងការទទួលបានការបង្ហាត់បង្រៀនបន្ថែមទៀត។

គណៈវិនិច្ឆ័យទាំង 6 នាក់រួមមាន Daphnee ជាវិស្វករបច្ចេកវិទ្យាមួយរូបដែលបច្ចុប្បន្នរស់នៅក្នុងតំបន់ Silicon Valley និងធ្វើការអោយក្រុមហ៊ុនបច្ចេកវិទ្យាផ្នែករឹងមួយដែលមានឈ្មោះថា Springcard, សុផាលីន ជាប្រធានគ្រប់គ្រងកម្មវិធីជាដៃគូនៅក្រុមហ៊ុន Salesforce ជាក្រុមហ៊ុនមួយដែលផលិត Software ធំបំផុតក្នុងលំដាប់ថ្នាក់ទី 6 នៅលើពិភពលោក, និង ឃុត សម្ផស្ស ។  គណៈវិនិច្ឆ័យផ្សេងទៀតមានដូចជា លោក ធុល រិទ្ធី ជាសហស្ថាបនិករបស់មជ្ឈមណ្ឌល SmallWorld, លោក សុខ សុភមង្គល ជាសហស្ថាបនិកនិងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន CodingGate, និងកញ្ញា ប្លុង ម៉ាលីពណ៌ ជាប្រធានគ្រប់គ្រងគម្រោងនៅក្រុមហ៊ុន Web Essentials។

បន្ទាប់ពីដំណើរការនៃការពិភាក្សាត្រូវបានបញ្ចប់ ចៅក្រមបានសម្រេចលទ្ធផលពានរង្វាន់បីប្រភេទគឺ – “គម្រោងល្អបំផុត”, “ក្រុមឆ្នើម” និង “ក្រុមជោគជ័យ”, ទៅដល់ក្រុម GuideInsider, ក្រុម Flexible Khmer Keyboard  និងក្រុម  Nhor Nhim នៅក្នុងចំណាត់ថ្នាក់ទៅតាមលំដាប់លំដោយ។

Team GuideInsider with the organisers of Hackathon #SVtoPP

ក្រុម GuideInsider ជាមួយនិងក្រុមអ្នករៀបចំកម្មវិធី Hackathon #SVtoPP

GuideInsider ជាក្រុមដែលបានដឹកនាំដោយយុវជន លី សុខណា ដោយពួកគេបានបង្កើតវេទិកាមួយដែលអាចជួយភ្ជាប់មគ្គុទ្ទេសក៍ទេសចរណ៍ទៅកាន់ភ្ញៀវទេសចរ។ កម្មវិធីនេះក៏នឹងអនុញ្ញាតឱ្យភ្ញៀវទេសចរដើម្បីស្វែងរកទីកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ផ្សេងៗមុនពេលដែលពួកគេជ្រើសរើសមគ្គុទេសក៍ទេសចរណ៍ណាមួយដើម្បីនាំពួកគេទៅកាន់ទីនោះផងដែរ។ ក្នុងនាមជាអ្នកឈ្នះនៅក្នុងប្រភេទពានរង្វាន់ “គម្រោងល្អបំផុត” ពួកគេទទួលបានរង្វាន់ជាសាច់ប្រាក់ចំនួន $500 ការចុះផ្សាយនៅលើសារពត៌មាន និងឱកាសក្នុងការទទួលបានការបង្ហាត់បង្ហាញបន្ថែមទៀត។ អ្វីដែលពិសេសទៅទៀតនោះគឺថា អ្នកចូលរួមនៅក្នុងកម្មវិធី Hackathon #SVtoPP នៅឆ្នាំក្រោយនឹងអាចជួបសមាជិកក្រុមនេះម្តងទៀតដូចដែលពួកគេនឹងត្រូវវិលត្រឡប់មកវិញក្នុងនាមជាអ្នកណែនាំ!

ចំនែកឯគម្រោង Flexible Khmer Keyboard វិញត្រូវបានទទួលពានរង្វាន់ជា “ក្រុមឆ្នើម”  ដែលកម្មវិធីទូរស័ព្ទរបស់ពួកគេអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចវាយពាក្យខ្មែរបានដោយការប្រើប្រាស់ភាសាអង់គ្លេសជាសំនៀងខ្មែរ។ ម៉្យាងវិញទៀត វាជាក្តារចុចដែលអាចប្រើប្រាស់បានពីរភាសា ដោយភាសាដើមជាភាសាអង់គ្លេសប៉ុន្តែវានឹងផ្តល់ឱ្យពាក្យជាខេមរៈភាសា។

ជាចុងក្រោយគឺគម្រោងរបស់ក្រុម ញញឹម ( Nhor Nhim)  ដែលត្រូវបានបង្កើតឡើងដោយសិស្សនៅមជ្ឈមណ្ឌលសិក្សា Liger ដោយកម្មវិធីទូរស័ព្ទរបស់ពួកគេមានគោលបំណងដើម្បីផ្ដល់ពត៌មានសុខភាពដែលមានតម្លៃទាបទៅកាន់អ្នកដែលរស់នៅក្នុងតំបន់ជនបទ។ កម្មវិធីនេះក៏បានផ្តល់នូវពត៌មានសម្រាប់អ្នកដែលមានស្មាតហ្វូននិងទាំងអ្នកដែលមិនមានស្មាតហ្វូនផងដែរ។ នរណាម្នាក់ក៏អាចចូលដំណើរការទៅកាន់កម្មវិធីនេះបានដែរ ហើយអ្នកដែលមានជំនាញនិងចំណេះដឹងអាចប្រកាស/ចែករំលែកអ្វីបានទាំងអស់អំពីសុខភាពនៅក្នុងផ្នែកស្វែងយល់បន្ថែម។

បើនិយាយពីព្រឹត្តិការណ៍នេះវិញ Maya Gilliss-Chapman ដែលជាស្ថាបនិកនិងជានាយកប្រតិបត្តិនៃអង្គការ CiT នេះបាននិយាយថា: «វាគួរអោយស្ញប់ស្ញែងខ្លាំងណាស់ក្នុងការមើលឃើញថាក្រុមទាំងឡាយបានងាកឆ្ពោះទៅរកការដោះស្រាយបញ្ហាដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកគេផ្ទាល់ឬដល់សហគមន៍របស់ពួកគេភ្លាមៗ។ ចំពោះរូបខ្ញុំ ការណ៍នេះបានសរបញ្ជាក់អោយឃើញថា យុវជនកម្ពុជាត្រូវបានគិតគូរយ៉ាងដិតដល់អំពីពិភពលោកដែលនៅជុំវិញខ្លួនពួកគេ និងបានគិតគូរពីរបៀបដែលពួកគេអាចធ្វើវាអោយកាន់តែល្អប្រសើរឡើង»។

អង្គការ CiT ដែលជាអ្នករៀបចំកម្មវិធី Hackathon #SVtoPP នេះសូមថ្លែងអំណរគុណដល់ក្រុមហ៊ុន SMART, មឈ្ឈមណ្ឌល TRYBE, និងសាកលវិទ្យាល័យពុទ្ធិសាស្រ្ត សម្រាប់ការជួយឧបត្ថម្ភព្រឹត្តិការណ៍នេះអោយលេចចេញជារូបរាងឡើង។

ពិតមែនហើយ វាជាការអស្ចារ្យណាស់ក្នុងការមើលឃើញយុវជនកម្ពុជាបានបោះជំហានទៅលើការបង្កើតថ្មីនៅក្នុងវិស័យឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីធ្វើឱ្យសហគមន៍របស់ពួកគេកាន់តែមានភាពប្រសើរឡើង!

ចង់ឃើញអ្វីបន្ថែមទៀតដែលបានកើតឡើងនៅក្នុងអំឡុងពេលកម្មវិធី Hackathon #SVtoPP នេះមែនទេ? សូមទស្សនារូបថតមួយចំនួននៅក្នុងព្រឹត្តិការណ៍នេះ នៅទីនេះ !