ក្រុមហ៊ុន Alcatel-Lucent និងក្រុមហ៊ុន Chuan Wei ចាប់ដៃគូជាមួយគ្នាដើម្បីផ្តល់នូវបណ្តាញខ្សែកាបអុបទិកចំនួន 100ជីកាបៃ នៅក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍​ទូរគមនាគមន៍​​ Alcatel​-Lucent បាន​សហការ​គ្នា​ជាមួយ​និងក្រុមហ៊ុន​ផ្ដល់​សេវា​អ៊ិ​ន​ធឺ​ណិ​ត Chuan Wei ​ដើម្បី​នាំយកប​ណ្តា​ញ​ទិន្នន័យ​អុបទិក​ដែល​មិន​ធ្លាប់​មានពីមុនមកចំនួន 100 ជីកាបៃ​ក្នុង​មួយ​វិនាទី​ជា​លើក​ដំបូង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​។

បើ​យោងទៅ​តាម សារព័ត៌មាន The Cambodia Daily បានអោយដឹងថា បច្ចុប្បន្ន​ល្បឿន​ទាញ​យក​ជា​មធ្យម​គឺ​មាន​តែ 5,8 megabits (Mbps​) តែប៉ុណ្ណោះក្នុង​មួយ​វិនាទីបើ​ប្រៀបធៀប​ទៅ​នឹង​​ល្បឿនមធ្យមជាសកល 18,2 Mbps​។ អត្រា​នៃ​ការ​ទាញ​យក​សម្រាប់​អ៊ិ​ន​ធឺ​ណិ​តនៅលើទូរស័ព្ទ​ដៃ​គឺនៅតែ​មានកំរិតទាបនៅឡើយ​ដោយមានល្បឿនជាមធ្យមត្រឹមតែ 3.1Mbps តែប៉ុណ្ណោះ​។

បច្ចុប្បន្ន​នេះ​ប្រជាជន​កម្ពុជា​អាច​ចូល​ដំណើរការ​ទៅ​កាន់​ប​ណ្តា​ញ 3G បាន​ជាមួយនិង​ក្រុមហ៊ុន​ទូរគមនាគមន៍​ជា​ច្រើន​ដែលផ្តល់​នូវ​សេវា 3G សម្រាប់​ទូរស័ព្ទ​ដៃ​រួម​មាន​ក្រុមហ៊ុន​Metfone​ និង Cellcard សម្រាប់រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ។

មានប្រជាជនចំនួន 1/3 នៅក្នុងចំនោមប្រជាជនចំនួន 15.41 លាន​នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាចប្រើប្រាស់សេវា​អ៊ិ​ន​ធឺ​ណិត​បាន ហើយចំនួនអ្នក​ប្រើ​ប្រាស់​សេវាអ៊ិ​ន​ធឺ​ណិត​ដ៏សកម្ម​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ដោយ​មានចំនួន 414​% ចាប់​តាំង​ពី​ខែ​មករា​ឆ្នាំ 2014 មកម្ល៉េះ។ ឥឡូវ​នេះ​មានប្រជាជន​ដ៏ច្រើនលើសលុបចំនួន​ 3,8 លាន​នាក់​ជាអ្នកដែល​ប្រើ​ប្រាស់បណ្តាញអ៊ីនធឺណេតយ៉ាង​សកម្ម​ ​! ប្រសិន​បើ​អ្នកមានការ​ចាប់​អារម្មណ៍​ អ្នក​អាច​អាន​បន្ថែម​អំពី​និន្នាការ​ឌីជីថល​នាពេលបច្ចុប្បន្ន​នៅក្នុងប្រទេស​កម្ពុជា​ នៅ​ទី​នេះ ។

ប​ណ្តា​ញ​ទូរគមនាគមន៍​ក៏​បាន​ចាប់​ផ្តើ​ម​ដំណើរការសេវា 4G ផងដែរ។ កាលពីដើមឆ្នាំ​មុន ​ក្រុមហ៊ុន Smart Mobile បាន​ក្លាយ​ជា​ប្រតិបត្តិ​ករ​ដំបូង​គេដែលនាំយក​បច្ចេកវិទ្យា 4G LTE មកកាន់​ប្រទេស​កម្ពុជា​។ ចាប់​តាំង​ពី​ពេល​នោះមក ​មានក្រុមហ៊ុនផ្សេង​ទៀត​បាន​ធ្វើ​តាម​ដោយ​រួម​បញ្ចូល​ទាំង​ក្រុមហ៊ុន Emaxx​ ជាក្រុមហ៊ុនដែលផ្គត់ផ្គង់សេវាអ៊ីនធឺណេតដំបូង​គេដែលបាននាំយក​ប​ច្ចេ​ក​វិទ្យា​អ៊ី​ន​ធើ​ណេត 4G មកកាន់ប្រទេស​កម្ពុជាផងដែរ​​។

ជា​មួយ​នឹង​ការ​កើន​ឡើង​នូវចំនួន​នៃ​ការ​តភ្ជាប់​បណ្តាញអ៊ី​នធឺ​ណិ​ត​ក៏​ដូច​ជា​ការ​ជំរុញ​អោយមានប​ណ្តា​ញ 4G នាពេលបច្ចុប្បន្ន នេះ​គឺ​ពិត​ជា​ការ​ដាក់សម្ពាធមួយ​នៅ​លើ​ទីផ្សារ​នៅក្នុងប្រទេស​កម្ពុជា​ក្នុង​ការ​ធ្វើ​អោយមានប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​តកាន់តែល្អ​ប្រសើរ​ជាង​មុន​។

ដូច្នេះ​ភាព​ជា​ដៃគូ​រវាងក្រុមហ៊ុន Alcatel​-Lucent និងក្រុមហ៊ុន Chuan Wei ​ត្រូវ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី 20 ខែ​មីនា​កន្លងមកនេះ បន្ទាប់​ពី​ការ​រង់ចាំ​ដ៏​យូរ​មួយ​ដើម្បី​ពង្រឹង​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​នៃការ​ប្រាស្រ័យ​ទាក់ទង​នៅ​ទីនេះ​។

ក្នុង​នាម​ជា​ប្រទេស​មួយនៅ​ក្នុងចំណោម​ប្រទេស​ដែល​មានកំណើន​ចរាចរ​ទិន្នន័យ​ច្រើន​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ​សេដ្ឋកិច្ច​របស់ប្រទេសកម្ពុជាត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​កើន​ឡើង​ជាង 7​% ជា​រៀង​រាល់​ឆ្នាំ​។ ម៉្យាងវិញ​ទៀត​ ​ក្នុងនាមជាផ្នែក​មួយ​នៃ​មូលដ្ឋាន​អាជីវកម្ម​ដ៏​សំខាន់​នៅ​ក្នុងតំបន់​អាស៊ី​អាគ្នេយ៍​នេះ ​ប្រទេស​កម្ពុជាក៏​ត្រូវ​បានគេ​មើល​ឃើញថាមាន​តម្រូវ​ការ​សេវាអ៊ីនធឺណេត​កាន់តែច្រើនឡើងផងដែរ​។